(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា សហភាពអឺរ៉ុប គួរតែបំភ្លេចចោលនូវគំនិតដែលថា ទីក្រុងម៉ូស្គូកំពុងព្យាយាមបំបែកបំបាក់អឺរ៉ុប ហើយតាមការពិតលោកចង់ឱ្យសហភាពអឺរ៉ុប ស្គាល់ភាពរុងរឿងទៅវិញទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
ការកត់សម្គាល់បែបនេះរបស់លោក ពូទីន ធ្វើឡើងនៅក្នុងបទសម្ភាសន៍ ជាមួយស្ថានីយទូរទស្សន៍អូទ្រីស ORF មុននឹងលោកបំពេញ ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវីយែន នៅថ្ងៃអង្គារនេះ។ ថ្លែងនាឱកាសនោះ បុរសខ្លាំងវិមានក្រឹមឡាំងបានគូសបញ្ជាក់ដូច្នេះថា «ប្រជាជននៅក្នុងប្រទេសអូទ្រីស និងនៅអឺរ៉ុបគួរតែបំភ្លេចចោល នូវគំនិតដែលថា រុស្ស៊ីកំពុងព្យាយាមបំបែកបំបាក់អឺរ៉ុប... ត្បិតវាមិនមែនជាបំណងរបស់យើង ដើម្បីបំបែកបំបាក់អ្វីមួយ ឬនរណាម្នាក់នៅអឺរ៉ុបនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ យើងចង់ឃើញអឺរ៉ុបរួបរួមគ្នា និងប្រកបដោយភាពរុងរឿង ពីព្រោះសហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏ធំរបស់យើង»។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ លោក អេនស៍ គ្រីស្ទាន ស្ត្រេច (Heinz-Christian Strache) អនុអធិការបតីអូទ្រីស ក៏បានអំពាវនាវផងដែរ ឱ្យមានកិច្ចខិត ខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងសហភាពអឺរ៉ុប និងរុស្ស៊ីត្រឡប់ទៅរកភាពប្រក្រតីវិញ ខណៈសហភាពអឺរ៉ុបផ្ទាល់ កំពុងព្រួតគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងម៉ូស្គូ៕