(ហ្គាតេម៉ាឡា)៖ រដ្ឋាភិបាលហ្គាតេម៉ាឡា បានសម្រេចចិត្តបញ្ជូនកងទ័ព ឱ្យទៅជួយក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ក្នុងការស្វែងអ្នកដែលកំពុងបាត់ខ្លួន បន្ទាប់ភ្នំភ្លើងដ៏កំណាចមួយបានផ្ទុះកាលពីថ្ងៃអាទិត្យ ដោយបានបញ្ចេញកម្អែរភ្លើង ធូលី-ផេះ និងដុំថ្មធំៗ បំផ្លិចបំផ្លាញភូមិមួយចំនួននៅក្បែរភ្នំភ្លើងនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមក្រុមមន្ត្រីហ្គាតេម៉ាឡាជាច្រើននាក់បានអះអាងថា ចំនួនអ្នកស្លាប់ដោយសារតែការបំផ្លិចបំផ្លាញ បង្កឡើងដោយភ្នំភ្លើង ហ្វឺហ្គោ (Fuego) បានកើនឡើងដល់ ៦៥នាក់ហើយ ខណៈមនុស្សរាប់ពាន់នាក់ផ្សេងទៀត កំពុងស្នាក់នៅក្នុងជំរកបណ្ដោះអាសន្ន។ ដោយឡែកកាលពីថ្ងៃចន្ទ ក្រុមអាជ្ញាធរក៏បានបញ្ជាក់ដែរថា មនុស្សប្រមាណ ១.៧លាននាក់ បាននិងកំពុងទទួលរងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិខាងលើនេះ និងជាង ៣,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញទៅកាន់ទីសុវត្ថិភាព។
គួរជម្រាបថា ភ្នំភ្លើងហ្វឺហ្គោ (Fuego) ដែលមានទីតាំងស្ថិតនៅចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីហ្គាតេម៉ាឡាស៊ីធី បានផ្ទុះ ហើយបានជះកម្អែរផេះឡើងលើផ្ទៃអាកាសកម្ពស់ជាង ១១គីឡូម៉ែត្រឯណោះ។ អាជ្ញាធរអះអាងថា ប្រហែលជាអាចមានមនុស្សស្លាប់ច្រើនបន្ថែមទៀត ក៏ព្រោះតែភូមិមួយនៅក្បែរភ្នំភ្លើងនោះ ត្រូវបានកម្អែរក្តៅគគុកហូរមកស្រោចពីលើតែម្តង ដែលវាពិតជាហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងសង្វេគបំផុត កម្រកើតមានខ្លាំងណាស់លើផែនដី៕