(ប៊ែរឡាំង)៖ អធិការបតី​អាល្លឺម៉ង់​លោកស្រី អាន់ជែឡា មឺគែល បាននិយាយថា លោកស្រីយល់​ស្របជាមួយនឹង​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលបាន​លើកឡើងថា សកម្មភាព​របស់អ៊ីរ៉ង់​​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ គឺជាក្ដីព្រួយ​បារម្ភមួយ​ ជាពិសេស​ចំពោះ​អ៊ីស្រាអែល។ ប៉ុន្តែមេដឹកនាំទាំងពីរ ​នៅតែមានការខ្វែងគំនិតគ្នា ជុំវិញកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ នេះបើ តាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។

លោកស្រី មឺគែល ធ្វើការកត់​សម្គាល់បែប​នេះ នាឱកាធ្វើសន្និសីទ​សារព័ត៌មាន​រួមគ្នា ក្នុងទីក្រុង​ប៊ែរឡំាង នៅពីថ្ងៃចន្ទ​សប្ដាហ៍នេះ​ជាមួយ លោក ណឺតាន់យ៉ាហ៊ូ ដែលកំពុង​ធ្វើយុទ្ធនាការ​បញ្ចុះបញ្ចូល អឺរ៉ុបឱ្យចូលរួមកែ​ប្រែលក្ខខណ្ឌ​ឡើងវិញ នៅក្នុងកិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ កាលពីឆ្នាំ២០១៥ និងបង្ខំឱ្យ​កងកម្លាំងអ៊ីរ៉ង់​ចេញពីទឹក​ដីស៊ីរី។ លោកស្រី មឺគែល បានលើក​ឡើង​យ៉ាងដូច្នេះថា «មុនមាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ទីក្រុងតេហេរ៉ង់​បានឈានជិតដល់​ការអភិវឌ្ឍ​អាវុធនុយក្លេអ៊ែរ... ដូច្នេះមាន​កិច្ចព្រមព្រៀង​នេះ តម្លាភាព​នឹងមានកាន់​តែ​ច្រើន»

បន្ថែមពីលើនេះ បើតាមលោក​ស្រីអធិការបតី​អាល្លឺម៉ង់ ទីក្រុងប៊ែរឡាំង​សន្យាថា នឹងបន្តគោរពតាមកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ ដើម្បីរារាំង​ទីក្រុងតេហេរ៉ង់​ផលិតអាវុធ​នុយក្លេអ៊ែរ បើទោះជា​សហរដ្ឋអាមេរិក ប្រកាសដកខ្លួន​​ចេញពី​កិច្ចព្រមព្រៀង​​នេះ​ក៏ដោយ។ តែយ៉ាងណា​ក៏ដោយ លោក ណឺតាន់យ៉ាហ៊ូ អះអាងថា កិច្ចព្រមព្រៀងនេះ​នឹងផ្ដល់លទ្ធភាព​ដល់អ៊ីរ៉ង់ ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម គ្មានព្រំដែន​កាន់តែច្រើន​នៅពេល​អនាគត។

គួរជម្រាបថា ក្រោយបញ្ចប់​ជំនួបជាមួយ​លោកស្រី មឺគែល លោក ណឺតាន់យ៉ាហ៊ូ ត្រូវបានគេរំពឹងថា នឹងបន្តជួប​ពិភាក្សាជាមួយ​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង និងនាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) សំដៅ​ពិភាក្សា​​ពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និងការបង្កើន​ឥទ្ធិពល​របស់អ៊ីរ៉ង់​នៅមជ្ឈិម​បូព៌ា៕

\