(តែលអាវីវ)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលីខាមេណៃ (Ayatollah Ali Khamenei) បានថ្កោលទោសអ៊ីស្រាអែលយ៉ាងខ្លាំង ជុំវិញអំពើហិង្សានៅឯតំបន់ហ្កាហ្សា ដោយលោកចាត់ទុកថា រដ្ឋជ្វីបមួយនេះគឺជាដុំសាច់មហារីកដ៏គ្រោះថ្នាក់មួយ ដែលគួរតែត្រូវយកចេញ និងកម្ចាត់ចោល ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Times Of Israel នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
លោក Ali Khamenei ថ្លែងបែបននេះនៅក្នុងសារបង្ហោះលើ Twitter ជាបន្តបន្ទាប់កាលពីចុងសប្ដាហ៍កន្លងទៅ។ «គោលជំហររបស់យើង ប្រឆាំងនឹងអ៊ីស្រាអែល គឺដូចគ្នាទៅនឹងគោលជំហរដែលយើងកំពុងធ្វើសព្វថ្ងៃ... អ៊ីស្រាអែលគឺជាដុំសាច់មហារីកដ៏គ្រោះថ្នាក់ នៅក្នុងតំបន់អាស៊ីខាងលិច ដែលគួរតែត្រូវយកចេញ និងកម្ចាត់ចោល។ វាគឺជារឿងអាចធ្វើបាន ហើយវានឹងកើតឡើងនៅថ្ងៃណាមួយ»។ នេះបើតាមលោក Ali Khamenei។
គួរបញ្ជាក់ថា មេដឹកនាំកំពូលអ៊ីរ៉ង់ ក៏បានព្រមានបណ្ដាប្រទេសអារ៉ាប់មួយចំនួន ដែលលោកចាត់ទុកថា ជាប្រទេសក្បត់ដូចជា អារ៉ាប៊ីសាអូឌីត ផងដែរសម្រាប់ការបដិសេធក្នុងការប្រឈមមុខជាមួយអ៊ីស្រាអែល ដើម្បីយកចិត្តសហរដ្ឋអាមេរិក ហើយបើតាមលោក ការតស៊ូគឺជាមធ្យោបាយតែមួយគត់ ដែលអាចជួយប៉ាឡេស្ទីនពីការគាបសង្កត់៕