(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋអាជ្ញារដ្ឋវ៉ាស៊ីនតោន លោក បុប ហ្វឺហ្គូសុន (Bob Ferguson) បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗលើពិភពលោករួមមាន Facebook និង Google ដោយសារការមិនគោរពប្រតិបត្តិតាមច្បាប់ ស្តីពីការផ្សព្វផ្សាយផ្នែកនយោបាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសព័ត៌មាន ពីការិយាល័យរបស់អគ្គរដ្ឋអាជ្ញារដ្ឋវ៉ាស៊ីនតោន លោក Bob Ferguson បានដាក់ពាក្យបណ្តឹងចោទប្រកាន់ក្រុមហ៊ុន Facebook និង Google ថាពុំមានលទ្ធភាពផ្តល់ព័ត៌មានដែលច្បាប់ត្រូវការ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយផ្នែកនយោបាយនៅក្នុងរដ្ឋវ៉ាស៊ីនតោន ដែលចរាចរណ៍នៅលើវែបសាយរបស់ពួកគេ ចាប់តាំងតែពីឆ្នាំ២០១៣ មក។
គួរជម្រាបថា យោងតាមការិយាល័យអគ្គរដ្ឋអាជ្ញា ក្រុមហ៊ុននានាបើតាមច្បាប់អាមេរិក គឺតម្រូវឲ្យរក្សាទុកនូវព័ត៌មាន ស្តីពីប្រភព និងការទូទាត់ថវិកាជុំវិញការផ្សព្វផ្សាយផ្នែកនយោបាយ ហើយត្រូវធ្វើឲ្យព័ត៌មានទាំងនោះ អាចត្រូវបានត្រួតពិនិត្យជាសាធារណៈបាន។ ព័ត៌មានដែលអ្នកទទួលការផ្សព្វផ្សាយរួមមាន ឈ្មោះបេក្ខភាព, កាលបរិច្ឆេទផ្តល់សេវាឲ្យអតិថិជន, ឈ្មោះនិងអាស័យដ្ឋានរបស់បុគ្គលអ្នកឧបត្ថម្ភដល់ការផ្សព្វផ្សាយ, ថ្លៃសរុបនៃការផ្សព្វផ្សាយ, អ្នកចេញថ្លៃការផ្សព្វផ្សាយ, និងរបៀបនៃការទូទាត់ប្រាក់ជាដើម។
លោក Ferguson បាននិយាយថា ក្រុមហ៊ុន Facebook និង Google ពុំបានផ្តល់ព័ត៌មានសំខាន់ៗទាំងនេះ ពាក់ព័ន្ធនឹងយុទ្ធនាការឃោសនារកសំឡេងគាំទ្រមួយចំនួននៅក្នុងរដ្ឋវ៉ាស៊ីនតោន ហើយក្រុមហ៊ុនទាំងពីរមានរយៈពេល ២០ថ្ងៃ ដើម្បីឆ្លើយតបនឹងពាក្យបណ្តឹងនេះ៕