(បរទេស)៖ របកគំហើញថ្មីៗ​ជាប្រវត្តិសាស្ត្រ​បន្ថែមទៀត​​របស់អង្គការ​ NASA នោះការរកឃើញកាបូនសរីរាង្គ​នៅលើភព​ព្រះអង្គារតែម្តង ហើយដែល​លទ្ធផល​ដ៏គួរឲ្យភ្ញាក់ផ្អើល​បំផុតនេះ អាចនឹង ជួយដល់​ក្រុមអ្នកវិទ្យាសាស្ត្រ​ក្នុងការតាម​ប្រមាញ់ជីវិត​នៅលើភពមួយនេះ ​នៅពេល​អនាគត។ នេះបើ​តាមចេញផ្សាយព័ត៌មាន National Geographic នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។

យោងតាមការសិក្សាថ្មីមួយ របស់ក្រុមអ្នក​វិទ្យាសាស្រ្តណាសា ចុះផ្សាយនៅ​លើទស្សនាវដ្ដី Science នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ​ ភពព្រះអង្គារ ត្រូវបានគេ​ជឿជាក់ថា មានសមាសភាព​កាបូនមូលដ្ឋាន ឬគេហៅថា «ម៉ូលេគុលសរីរាង្គ»​ ដែលជាសមាសធាតុដ៏សំខាន់​សម្រាប់ជីវិត។ បន្ថែមពីលើនេះ ការសិក្សាដដែល​ក៏បានឱ្យ​ដឹងដែរថា មានភស្ដុតាង​ជាច្រើនអាច​បញ្ជាក់បាន​ថា ជាម៉ូលេគុល​សរីរាង្គធំៗ​នៅលើភព​ព្រះអង្គារ ហើយដែលនេះ​​គឺជាការខិតខំប្រឹងប្រែងបន្ត​ពីការរុករកនៃ​យាន Viking របស់ NASA ដែលបានចុះចតលើ​ភពព្រះអង្គារ នៅអំឡុង​ទសវត្សរ៍ឆ្នាំ១៩៧០។

ចំណែកឯ​ការធ្វើតេស្ដកាល​ពីលើកមុនៗ អាចអង្អុលបង្ហាញ​ពីសារពាង្គកាយ ប៉ុន្តែវត្តមាន ក្លរីន (chlorine)​ បែរជាធ្វើឱ្យគេពិបាក​ក្នុងការបក​ស្រាយទៅវិញ។ ដោយឡែកជុំវិញ​របកគំហើញនេះដែរ លោកស្រី ជែននីហ្វឺ អេហ្គែនប្រូដ (Jennifer Eigenbrode) ជាអ្នកវិទ្យាសាស្រ្ត​ជីវៈ-​គីមី នៃអង្គការ NASA បានលើក ឡើងយ៉ាងដូច្នេះថា «នៅពេលដែលអ្នក​ធ្វើការជាមួយ​នឹងអ្វីមួយ​ ប្រៀបដូច​ជា​មនុស្សឆ្កួត​​នៅលើភព​ព្រះអង្គារ ជាមួយឧបករណ៍ដ៏ស្មុគស្មាញ ដែលត្រូវ​បញ្ជូនទៅ​កាន់ទីអវកាស នោះវាហាក់​ដូចជាយើងកំពុង​ធ្វើអ្វីមួយ ដែលយើង​ជឿជាក់ជា​មុនថា វាមិនអាច​ទៅរួច... ប៉ុន្តែខ្ញុំបាន​ធ្វើការងារជាមួយ​ក្រុមការងារ​ដ៏អាស្ចារ្យ​ នៅលើភព​ព្រះអង្គារ ហើយយើង​បានរកឃើញ​របកគំហើញថ្មី​ជាច្រើន»។

គួរបញ្ជាក់ថា នេះមិនមែន​ជាលើកទីមួយ​ឡើយ ដែលអង្គការ NASA ប្រកាសពីរបក​គំហើញថ្មីៗ ពាក់ព័ន្ធនឹងជីវិត​នៅលើភព​ព្រះអង្គារ ពោលគឺអង្គការ​មួយនេះក៏ធ្លាប់បាន​អះអាងផងដែរថា ខ្លួនបានរកឃើញ​ស្លាកស្នាម​ប្រភពទឹក​ អមជាមួយម៉ូលេគុល​សរីរាង្គដ៏​ស្មុគស្មាញ​នៅលើភពមួយនេះ​ ដែលធ្លាប់កើតមានកាលពីជាង ៣.៥ពាន់លានឆ្នាំមុនផង​ដែរ៕ ​