(សេអ៊ូល)៖ កងទ័ពជើង​អាកាសចិន​ត្រូវគេ​អះអាងថា កំពុងធ្វើការ​រៀបចំ​បញ្ជូនកង​យន្តហោះចម្បាំង​​​របស់ខ្លួន ឲ្យទៅបំពេញ​បេសកកម្មអមដំណើរប្រមុខ​ដឹកនាំកំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅចូលរួម​កិច្ចប្រជុំ​នៅសិង្ហបុរី ជាទីដែល​រូបលោក នឹងជួបមុខគ្នាជា​មួយប្រ​ធា​​នា​ធិបតី​អាមេរិក​​លោក ដូណាល់ ត្រាំ ក្រោយពីមាន​ភាពតានតឹង​ អស់រយៈពេលជាច្រើន​ឆ្នាំមកនេះ។ នេះបើតាម​ប្រភពពីមន្រ្តីក្នុង​ជួរយោធា​​​កូរ៉េ​​ខាងត្បូង ដកស្រង់សម្តី​ដោយសារ​ព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។

មន្រ្តីមួយរូប​នៃកងទ័ពអាកាស​កូរ៉េខាងត្បូង បានថ្លែងប្រាប់​សារព័ត៌មានចិន South China Morning Post ថា កងយន្តហោះ​ចម្បាំង​ចិន​ នឹង​​ធ្វើការរក្សា​សុវត្ថិភាព​នៃផ្លូវហោះហើរ​ ទៅកាន់ទីដែលត្រូវរៀបចំជំនួបកំពូល​របស់​ លោក គីម ហើយទង្វើនេះ​ប្រហែលអាច​ការក្រើនរំលឹក​មួយផងដែរ ចំពោះ​​​សហ​រដ្ឋ​អាមេរិក​ថា ទីក្រុងប៉េកាំងនឹង​គាំទ្រទីក្រុងព្យុងយ៉ាង​ពេញ​ទំហឹង។

មន្រ្តីខាងលើបាន​លើកឡើង​យ៉ាងដូច្នេះថា «ការអមដំណើរ​ប្រមុខរដ្ឋនៃ​ប្រទេសមួយ ដោយកង​យន្តហោះចម្បាំង គឺជាក្បួនសន្តិសុខ​ដ៏ខ្ពស់បំផុត​ ដែលកងទ័ព​អាកាស​អាចផ្តល់ឲ្យ ហើយប្រសិន​បើចិនបញ្ជូនយន្តហោះ​ចម្បាំង ឲ្យទៅធ្វើការ​អមដំណើរ​មែននោះ វាក៏អាចជា​សារមួយ សំដៅ​​ទៅរកសម្ព័ន្ធមិត្ត​អាមេរិក-កូរ៉េខាងត្បូងផងដែរថា ចិនមានការ​គាំទ្រយ៉ាងពេញទំហឹង​ ដល់របបដឹកនាំ​របស់លោក គីម ជុងអ៊ុន​»។

គួរជម្រាបថា បើតាម​សេតវិមាន លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ នឹងត្រូវជួបមុខគ្នា​នាវេលាម៉ោង ០៩៖០០នាទី​ព្រឹក​ថ្ងៃទី១២ ខែ​មិថុនា សប្តាហ៍​ក្រោយនេះ នៅឯសណ្ឋាគារ ខាភែលឡា (Capella Hotel) ស្ថិតនៅ​លើ​កោះ​សេនតូសា (Sentosa) ប្រទេសសិង្ហបុរី ហើយដែលអន្តរជាតិ​កំពុងតែរង់ចាំទស្សនា ទិដ្ឋភាព​ជារួម​យ៉ាង​​អន្ទះសា៕