(ព្រុចសែល)៖ រដ្ឋមន្រ្តីការពារជាតិ​ នៃអង្គការ NATO បានព្រមព្រៀង​គ្នាថា នឹងបង្កើត​ទីបញ្ជាការ​ថ្មីចំនួនពីរបន្ថែម នៅលើទឹកដី​សហរដ្ឋអាមេរិក និង​អាល្លឺម៉ង់ ខណៈ​រុស្ស៊ី​កំពុងបង្កើនឥទ្ធិពលយោធានៅភាគខាងលិចទល់អឺរ៉ុប និងភាគខាងកើតចុង​បំផុត​ទល់នឹង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះបើ​តាមការ​ដកស្រង់​ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​​ថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​មួយ នៅក្រោយកិច្ចប្រជុំ​រដ្ឋមន្រ្តី​ការពារជាតិ NATO អគ្គលេខាធិការ​អង្គការ NATO លោក ហ្សង់ ស្តូលធិនប៊ឺក (Jens Stoltenberg) បានប្រកាសថា ទីបញ្ជាការ​យោធារួមថ្មី សម្រាប់អង្គការ​សន្ធិសញ្ញាអាត្លង់ទិក​ខាងជើង នឹងត្រូវឈរជើង​នៅទីក្រុង​ណ័រហ្វូក (Norfolk) នៃរដ្ឋវ៉ឺជីនៀ (Virginia) សហរដ្ឋអាមេរិក និងមួយទៀត​នៅក្រុង អ៊ឺម (Ulm) របស់អាល្លឺម៉ង់។

គួរជម្រាបថា មូលដ្ឋាន​របស់អង្គការ NATO ត្រូវបានកាត់​បន្ថយមកនៅត្រឹម​បុគ្គលិកតិចជាង ៧,០០០នាក់ នៅតាមទី​បញ្ជាការចំនួន ០៧​កន្លែង​​ប៉ុណ្ណោះ នៅក្រោយ​ការបញ្ចប់នៃសម័យ​សង្រ្គាម​ត្រជាក់។ សម្រាប់​ការវិវឌ្ឍថ្មីរបស់​អង្គការ NATO នៅពេលនេះ គឺស្រប​ទៅតាម​ការចង់​បានរបស់​សមាជិកនានា ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍សន្តិសុខ​ពិភពលោកនាពេល​​បច្ចុប្បន្ន ដែលសម្ព័ន្ធមិត្ត​អាមេរិក​ចង់សំដៅទៅលើ​ ការបង្កើនឥទ្ធិពល​ពីរុស្ស៊ី​តែម្តង៕