(ម៉ូស្គូ)៖ ប្រធានាធិបតី​​បារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានដំឡើង​សសៃកកាន់តែខ្លាំងដាក់​ទីក្រុង​វ៉ាស៊ីនតោន ដោយបាននិយាយ​ថា បើសិនជា​លោក ដូណាល់​ ត្រាំ​​ មិនខ្វាយខ្វល់​ពីភាព​ឯកោ​នោះប្រទេស G7 អាចក្លាយ​ជា​ប្រទេស G6 ដោយគ្មាន​សហរដ្ឋអាមេរិក​ក៏បាន។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។

លោក ម៉ាក្រុង បានរិះគន់​លើ​លោក ដូណាល់​ ត្រាំ ឥតសម្ចៃមាត់​ជុំវិញការដំឡើង​ពន្ធលើដែកថែប និងអាលុយមីញ៉ូម ព្រមទាំងការ​ហាមឃាត់មិន​ឱ្យប្រទេសដទៃ​រកស៊ីជា​មួយអ៊ីរ៉ង់។ ថ្លែងនៅចំពោះ​មុខអ្នក​សារព័ត៌មាន ប្រធានាធិបតី​បារាំងរូបនេះ ​បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសចំនួន ០៦ នៃក្រុម​ប្រទេស G7 គ្មាន​សហរដ្ឋអាមេរិក គឺជាទីផ្សារ​រួមមួយដ៏ធំជាង​ទីផ្សារអាមេរិក​ទៅទៀត... ដូច្នេះ​បើសិន ជាលោក​ប្រធានាធិបតី​អាមេរិក មិនខ្វល់ពីឯកោ​នៅថ្ងៃនេះទេ នោះយើង​ក៏មិនខ្វល់ដែរពីការ​ក្លាយទៅជា​ប្រទេស G6 នៅក្នុងករណី​ចាំបាច់»

គួរបញ្ជាក់ថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប កំពុងរងភាពតាន​តឹងជាថ្មីក្រោយ​រដ្ឋមន្ត្រីពាណិជ្ជកម្ម​អាមេរិក លោក វាលប៊ឺ រូសស៍ (Wilbur Ross) បានប្រកាស​កាលពីថ្ងៃព្រហស្បតិ៍​សប្ដាហ៍មុន​ថា ការតម្លើងពន្ធលើការ​នាំចូលដែក​ថែប ២៥ភាគរយ និង​អាលុយមីញ៉ូម ១០ភាគរយ បានចូលជា​ធរមាន​ហើយ បើទោះបីជា​អ្នកជំនាញសេដ្ឋកិច្ច​ជាច្រើន​ព្រួយបារម្ភថា សង្រ្គាម​ពាណិជ្ជកម្ម​អាចនឹង​ផ្ទុះឡើង ក៏​ដោយ៕