(វ៉ាស៊ីនតោន)៖ សេតវិមាន​បានឲ្យ​ដឹងថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរចេញ​ពីប្រទេសកាណាដា​ផ្ទាល់តែម្តង ដើម្បីទៅចូលរួមកិច្ច​ប្រជុំកំពូលជាមួយ​ប្រមុខដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសិង្ហបុរី ដែលនឹងប្រព្រឹត្ត​ទៅនាសប្តាហ៍​ក្រោយ។​ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។

យោងតាម​សេចក្តីថ្លែងការណ៍​របស់អ្នកនាំពាក្យ​សេតវិមាន​លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) លោក ដូណាល់ ត្រាំ នឹងចាកចេញពី​កិច្ចប្រជុំ​​ប្រទេស​សេដ្ឋកិច្ច​កំពូលទាំង ០៧ ហៅកាត់​ថា G7 នៅ​កាណាដា នៅមុនរសៀល​ថ្ងៃសៅរ៍ចុង​សប្តាហ៍នេះ (ពេលវេលា​នៅ​ក្នុងតំបន់) ដើម្បី​ធ្វើដំណើរ​ទៅកាន់​ប្រទេស​សិង្ហបុរី សម្រាប់ជំនួប​កំពូលជាប្រវត្តិសាស្រ្ត​ជាមួយលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារ​សប្តាហ៍​ក្រោយ។

គួរជម្រាបថា លោក ត្រាំ និង​លោក គីម នឹងត្រូវជួបមុខគ្នា​នៅសណ្ឋាគារ ខាភែលឡា (Capella Hotel) ស្ថិតនៅ​លើ​កោះ​សេនតូសា (Sentosa) របស់សិង្ហបុរី នាវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា៕