(ម៉ានីល)៖ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានឲ្យដឹងថា រដ្ឋាភិបាលរបស់​លោក ប្រហែលជានឹងចាប់​ផ្តើមកិច្ចចរចា​ផ្លូវការ​ឡើងវិញជា​មួយក្រុមឧទ្ទាមឆ្វេង​និយម នៅខែកក្កដា​ខាងមុខ ក្នុងន័យស្វែងរក​សន្តិភាព​ឲ្យបាន ទោះបីជាកន្លងមក កិច្ចសន្ទនាមិន​ដែលបាន​ជោគជ័យ​ក៏ដោយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅ​ល្ងាច​ថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងក្នុងការធ្វើសុន្ទរកថា​មួយនៅខេត្ត សេប៊ូ (Cebu) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា លោកកំពុងទាក់ទង​ជាមួយស្ថាបនិក​គណបក្សកុម្មុយ​និស្ត​​ហ្វីលីពីន លោក ចូស ម៉ារៀ ស៊ីសុន (Jose Maria Sison) ដែលសព្វថ្ងៃកំពុងរស់​នៅដោយនិរទេសខ្លួន​នៅទីក្រុង​ឡាអេ ប្រទេសហូឡង់ ហើយ​កិច្ច​ចរចា​​​​ផ្លូវការ​អាច​ត្រូវចាប់ផ្តើមឡើងវិញ​ នៅពាក់​កណ្តាល​ខែកក្កដា។ យ៉ាងណាមិញ បើតាមសម្តី​របស់លោក Sison វិញ កិច្ចចរចា​ដែលដូចអំពិល​អំពែក​​រវាងរដ្ឋាភិបាល​ហ្វីលីពីន និងក្រុមរបស់​ខ្លួននេះ នឹង​បន្តជាថ្មី​នៅថ្ងៃទី២៨ ខែមិថុនា ពុំមែន​ខែកក្កដា​ឡើយ។

គួរជម្រាបថា ចាប់តាំងពី​ឆ្នាំ១៩៨៦មក រដ្ឋាភិបាល​នៃប្រទេសហ្វីលីពីន បាននិងកំពុងព្យាយាម​ឈានឲ្យដល់កិច្ចព្រមព្រៀង​សន្តិភាព​​ ជាមួយ​ក្រុមឧទ្ទាម​ឆ្វេងនិយម ប៉ុន្តែតែងតែទទួលបាន​បរាជ័យជាច្រើនលើក ​នាពេល​កន្លងមក៕