(ម៉ូស្គូ)៖ រដ្ឋាភិបាលនៃប្រទេសរុស្ស៊ី បានប្រកាសថា ពួកគេបានចំណាយច្រើនជាង ៦០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ខណៈការចំណាយនេះគឺស្ថិតក្នុងគម្រោងនៅឡើយទេ។

យោងតាមគេហទំព័រ USA Today របស់អាមេរិកបានចេញផ្សាយថា ការចំណាយដ៏ច្រើនលើសលប់នេះ មិនត្រូវបាន ពន្យល់លម្អិតនោះទេពីគណៈគ្រប់គ្រង ក៏ដូចជារដ្ឋាភិបាលរុស្ស៊ីជាដើម តែគម្រោងដែលមានកញ្ចប់ទឹកប្រាក់ជាង ៦០០លានដុល្លារនេះ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev)។

ប្រមុខរដ្ឋាភិបាលរុស្ស៊ី ក៏បានបញ្ជាក់ថា កញ្ចប់ទឹកប្រាក់ដែលមានការកើនឡើងពី ៦០០លានទៅ ៦៧៨លានដុល្លារ គឺ ៥៧.៦% ជាទឹកប្រាក់របស់សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី, ១៣.៦% ជាប្រាក់របស់រដ្ឋាភិបាលរុស្ស៊ី និង ២៨.៨% ផ្សេងទៀតបានមកពីក្រុមហ៊ុនរដ្ឋ និងឯកជននានា។

ទន្ទឹមគ្នានេះ ព័ត៌មានខាងលើមិនបានបញ្ជាក់ពីកញ្ចប់ទឹកប្រាក់របស់ FIFA ឡើយ ក្នុងការជួយផ្គត់ផ្គង់រុស្ស៊ី ដើម្បីធ្វើការជួសជុល និងសាងសង់ពហុកីឡដ្ឋានទាំង១២ មាននៅតាម១០ទីក្រុងផ្សេងៗគ្នានោះ ក្នុងការប្រកួត World Cup 2018 ដែលមាន ៦៤ប្រកួតចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែកក្កដា ក្នុងរយៈពេល ១ខែពេញដោយមាន ៣២ប្រទេសចូលរួម៕