(ហ្កាហ្សា)៖ យោធា​អ៊ីស្រាអែល​បានសម្លាប់ជនជាតិ​ប៉ាឡេស្ទីន ០៤នាក់ និងរបួស​រាប់រយ​នាក់ ជាមួយការបាញ់​គ្រាប់កាំភ្លើង​ពិត និងឧស្ម័នបង្ហូរ​ទឹកភ្នែក ប្រឆាំងនឹងក្រុមបាតុករប៉ាឡេស្ទីន​ ដែលនាំគ្នា ធ្វើបាតុកម្ម​តវ៉ាជាថ្មី​នៅឯតំបន់​ព្រំដែន​ហ្កាហ្សា កាលពី​ថ្ងៃសុក្រ (ម៉ោងនៅក្នុងតំបន់)។ នេះបើ​តាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។

ជាមួយគ្នា​នោះដែរ បើតាមមន្ត្រី​សុខាភិបាល​ប៉ាឡេស្ទីន ក្នុងចំណោម​បាតុករ​០៤នាក់ ដែលត្រូវបាន​ទាហានអ៊ីស្រាអែល​បាញ់សម្លាប់ ក៏មានក្មេង​ជំទង់ម្នាក់អាយុ ១៥ឆ្នាំ​ម្នាក់ផងដែរ ខណៈមនុស្ស ៦២០នាក់​បានរងរបួស ក្នុងនោះ ១២០នាក់​រងរបួសដោយ​សារតែគ្រាប់​កាំភ្លើងពិត។ ចំណែកឯ ទាហាន​អ៊ីសា្រអែល​វិញបានអះអាងថា ការបង្រ្កាប​របស់ខ្លួនលើក្រុម​បាតុករ​ប៉ាឡេស្ទីន គ្រាន់តែ​ជាការពារខ្លួន​តែប៉ុណ្ណោះ ត្បិតមានជនសកម្មប្រយុទ្ធ​ប៉ាឡេស្ទីន​ពីរនាក់​ បានបាញ់​កាំភ្លើង និងគប់គ្រាប់បែក​ដៃលើកង​កម្លាំង​អ៊ីស្រាអែល។

គួរបញ្ជាក់ថា បាតុកម្មតវ៉ា​របស់ជនជាតិ​ប៉ាឡេស្ទីន ក្នុងតំបន់​ហ្កាហ្សា ដើម្បីប្រឆាំង​នឹងការសម្រេចចិត្ត​ប្ដូរស្ថានទូតអាមេរិក​ មកកាន់​ទីក្រុង​ហ្សេរុយសាឡឹម និងការគាប​សង្កតរបស់​អ៊ីស្រាអែល ដែលផ្ទុះឡើង​ចាប់តាំងពីខែមីនា​មក បានបណ្ដាល​ឱ្យជនជាតិ​ប៉ាឡេស្ទីន ១២៤នាក់​បានស្លាប់​ក្នុងនោះ ៦០នាក់ ត្រូវបាន​ទាហានអ៊ីស្រាអែល​បាញ់សម្លាប់​ ក្នុងរយៈពេល​តែមួយ​ខែឧសភា៕