(វ៉ាស៊ីនតោន)៖ ពិធីករកម្មវិធី Fox & Friends របស់ស្ថានីយទូរទស្សន៍អាមេរិក Fox News និងជាកូនស្រីអគ្គរដ្ឋទូតអាមេរិកប្រចាំរុស្ស៊ី អ្នកនាង អ៊ែបបាយ ហាន់ស្មែន (Abby Huntsman) ត្រូវបានគេបង្ខំឱ្យសូមទោស បន្ទាប់ពីអ្នកនាងហៅកិច្ចប្រជុំរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ថាជាកិច្ចប្រជុំរវាងមេដឹកនាំផ្ដាច់ការពីររូប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
អ្នកនាង Abby Huntsman ធ្វើការកត់សម្គាល់ខាងលើ នៅពេលដែលសាកសួរអតីតនាយកទំនាក់ទំនងសេតវិមាន លោក អាន់ថូនី ស្ការ៉ាម៉ាក់ស៊ី (Anthony Scaramucci) ពាក់ព័ន្ធនឹងការយល់ឃើញរវាងលោក ត្រាំ នឹងលោក គីម។ ប៉ុន្តែនៅក្នុងពេលនោះ ស្រាប់តែអ្នកនាងរបូតមាត់ ហៅកិច្ចប្រជុំ ត្រាំ-គីម ថាជាកិច្ចប្រជុំរវាងមេដឹកនាំផ្ដាច់ការពីររូបទៅវិញ។
យ៉ាងណាក៏ដោយ ក្រោយមានការរិះគន់ អ្នកនាង Huntsman បានចេញ មុខសូមទោសជាសាធារណៈដោយអះអាងថា អ្វីដែលបាននិយាយគឺជាការយល់ច្រឡំ។ អ្នកនាង Abby Huntsman បានលើកឡើងដូច្នេះថា «ដូចដែលអ្នកដឹងហើយនៅលើកម្មវិធីផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ អ្នកមិនអាចនិយាយអ្វីមួយ ដែលល្អអស្ចារ្យនោះឡើយ។ ខ្ញុំបានហៅលោកប្រធានាធិបតី ត្រាំ និងលោក គីម ជុងអ៊ុន ជាជនផ្ដាច់ការ។ តែខ្ញុំមិនមែនចង់មានន័យបែបនេះឡើយ វាជាកំហុសរបស់ខ្ញុំ ដូច្នេះខ្ញុំពិតជាសូមទោស»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានទៅដល់សិង្ហបុរីដូចគ្នាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីជាការត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ ក្នុងនាមអតីតប្រទេសដែលធ្លាប់ផ្លោងសម្តី និងដាក់ទណ្ឌកម្មគ្នាយ៉ាងក្តៅគគុក ប៉ុន្តែអាចមានឱកាសមកអង្គុយចុះចរចាគ្នា ដែលកំពុងទទួលបានការសាទរពីអន្តរជាតិ។ ដោយហេតុនេះហើយទើប បណ្តាញសារព័ត៌មានអន្តរជាតិល្បីៗ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចេញផ្សាយព័ត៌មាន អំពីដំណើរទៅរកកិច្ចប្រជុំនេះ៕