(សិង្ហបុរី)៖ លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារនេះបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយរួមគ្នា តាមរយៈការចាប់ដៃគ្នាទៅវិញទៅមក នៅប្រទេសសិង្ហបុរី ហើយដែលការចាប់ដៃនេះ គឺជាលើកដំបូងបំផុតរវាងប្រធានាធិបតីអាមេរិកកំពុងកាន់អំណាចម្នាក់ និងមេដឹកនាំកូរ៉េខាងជើងម្នាក់ ដែលមិនធ្លាប់មាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
ការចាប់ដៃគ្នានេះ គឺជារូបភាពនិមិត្តរូប និងគ្មាននរណាម្នាក់អាចស្រមៃទុកជាមុនជាយូរណាស់មកហើយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង មានភាពតានតឹងនឹងគ្នាអស់រយៈពេលរាប់ទសវត្សរ៍មកនេះ។ ជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានចាប់ផ្ដើមជាផ្លូវការនៅម៉ោង ០៩៖០០នាទីព្រឹកនេះ (ម៉ោងនៅសិង្ហបុរី) ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីពិភពលោក ដ្បិតមេដឹកនាំទាំងពីរដែលធ្លាប់តែគំរាមចុចប៊ូតុងនុយក្លេអ៊ែរ និងជេរដៀលគ្នាទៅវិញទៅមកឥតសម្ចៃមាត់នោះ បែរជាមានថ្ងៃចាប់ដៃគ្នាទាំងទឹកមុខញញឹម ដោយលោក ត្រាំ និយាយថា លោកមានកិត្តិយសដែលបានជួបជាមួយលោក គីម ហើយដែលលោក គីម បាននិយាយតបវិញដែរថា យើងនឹងជម្នះរាល់ឧបសគ្គទាំងអស់នៅទីនេះ។
គួរបញ្ជាក់ថា លោក ត្រាំ និងលោក គីម បានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យសប្តាហ៍មុនដូចគ្នា។ កិច្ចកំពូលជាប្រវត្តិសាស្ត្រអាមេរិក-កូរ៉េខាងជើង បានចាប់ផ្ដើមប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារនេះ នៅឯសណ្ឋាគារ Capella លើកោះ Sentosa របស់ប្រទេសសិង្ហបុរី ដោយផ្ដោតសំខាន់លើការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាថ្នូរនឹងការទទួលបានសម្បទានសេដ្ឋកិច្ច ក៏ដូចជាការធានាសន្តិសុខពីសហរដ្ឋអាមេរិក រួមទាំងសន្តិភាពជាអចិន្ត្រៃយ៍ នៅលើឧបទ្វីបកូរ៉េ និងបញ្ហាមួយចំនួនទៀត ដែលទាក់ទិននឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទៅថ្ងៃអនាគត៕