(សិង្ហបុរី)៖ កាលពីអំឡុងការដើរទស្សនាកម្សាន្តពេលរាត្រីនៅសិង្ហបុរី នៅមុនជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃអង្គារនេះ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង បានយល់ដឹងជាច្រើនអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ខ្លឹមសារដោយសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
នាឱកាសនោះលោក គីម បាននិយាយសរសើរសិង្ហបុរីថា «មើលទៅស្អាត និងស្រស់បំព្រង» ស្របពេលដែលរូបលោកឈរទស្សនា ទិដ្ឋភាពនាពេលរាត្រីនៃប្រទេស ក៏ដូចជាទីក្រុងដ៏ឆើតឆាយនេះពីដំបូលនៃអគារ Marina Bay Sands។ មិនតែប៉ុណ្ណោះ បើតាម KCNA ប្រមុខដឹកនាំកូរ៉េខាងជើងរូបនេះ បានបន្ថែមថា រូបលោកនឹងទទួលបានចំណេះដឹង ក៏ដូចជាបទពិសោធន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងវិស័យជាច្រើននាថ្ងៃអនាគតពីសិង្ហបុរី»។
កាលពីយប់ថ្ងៃចន្ទម្សិលមិញ លោក គីម ជុងអ៊ុន បានចាកចេញពីសណ្ឋាគារ រ៉េជីស (St. Regis) ដែលលោកស្នាក់នៅ រួចហើយដើរកម្សាន្តមើលជុំវិញសួន Sky Park នៅលើដំបូងនៃអគារប្រណិត Marina Bay Sands ព្រមទាំងនៅតំបន់កំពង់ផែ Singapore Port ដោយមានការអមដំណើរពីសំណាក់ប្អូនស្រីរបស់លោក គឺអ្នកនាង គីម យ៉ូចុង និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀតរួមមានលោក គីម យ៉ុងចុល, លោក រី ស៊ូយ៉ុង, និងលោក ណូ ក្វាងចុលជាដើម ដោយមានវត្តមានរបស់រដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីស្នាន់ (Vivian Balakrishnan) និងរដ្ឋមន្រ្តីក្រសួងអប់រំសិង្ហបុរី លោក អុង យេគុង (Ong Ye Kung) ដឹកនាំដំណើរក្នុងនាមជាម្ចាស់ផ្ទះ និងបានថតរូប Sefie ជាមួយលោក គីម ដោយស្នាមញញឹមថែមផងដែរ។
គួរជម្រាបថា បើតាមក្រុមអ្នកវិភាគ ការដើរទស្សនាកម្សាន្តរបស់លោក គីម នាយប់មិញនេះ បានបង្ហាញពីកាយវិការពោពេញដោយភាពជឿជាក់របស់កូរ៉េខាងជើង ចំពោះកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕