(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីអំពាវនាវឲ្យមានការពិចារណាដកទណ្ឌកម្ម ចេញពីប្រទេសកូរ៉េខាងជើង ក្រោយពីលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានចុះហត្ថលេខារួមគ្នាជាប្រវត្តិសាស្ត្រ ទៅលើសេចក្តីថ្លែការណ៍រួម ដោយក្នុងនោះបានបញ្ជាក់ច្បាស់ៗថា កូរ៉េខាងជើងប្តេជ្ញារួមសហការគ្នា ដើម្បីរំសាយអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍ខាងលើនេះ ត្រូវបានអានដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង ហ្ស័ង (Geng Shuang) ក្នុងបទសង្ខេបព័ត៌មានប្រចាំថ្ងៃ នៅរដ្ឋធានីប៉េកាំង។ ជំនួបរវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង ត្រូវបានធ្វើឡើងនៅសណ្ឋាគារ Capella ប្រទេសសិង្ហបុរី ក្រោយការតាមដាន និងចាប់អារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិ ហើយមេដឹកនាំទាំងពីររូបសុទ្ធតែបានបង្ហាញអំពីចំណាប់អារម្មណ៍ល្អប្រសើរដូចៗគ្នា ចំពោះព្រឹត្តិការណ៍ដែលបានកើតមានឡើងជាប្រវត្តិសាស្ត្រ នៅក្នុងថ្ងៃអង្គារ ទី១២ ខែមិថុនានេះ។
គួរបញ្ជាក់ថា នៅមុនចេញសេចក្តីថ្លែងការណ៍ខាងលើនេះ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានលើកឡើងផងដែរថា ទីក្រុងប៉េកាំងចាត់ទុកថា ជំនួបកំពូលរវាងទីក្រុងព្យុយ៉ាង និងទីក្រុងវ៉ាស៊ីនតោន គឺជាជំនួបបែបប្រវត្តិសាស្ត្រ។ លោក វ៉ាង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មេដឹកនាំនៃប្រទេសទាំងពីរអាចអង្គុយចុះ ជាមួយគ្នានៅថ្ងៃនេះ សម្រាប់កិច្ចប្រជុំដោយស្មើភាព ដែលនេះគឺជាការបង្កើរប្រវត្តិសាស្ត្រថ្មីមួយ ហើយចិនស្វាគមន៍ និងគំាទ្រ ដ្បិតវាគឺជាវត្ថុបំណងដែលចិនកំពុងទន្ទឹមរង់ចាំ និងធ្វើការយ៉ាងខ្លាំងដើម្បីសម្រេចវត្ថុបំណងនេះ»៕