(ញូជឺស៊ី)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថា មនុស្សម្នាក់ត្រូវបានសម្លាប់ និង ២០នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារ មួយនៅឯមហោស្រពសិល្បៈមួយ ក្នុងរដ្ឋញូជឺស៊ី (New Jersey) សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមសារព័ត៌មាន Los Angeles Times ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងនៅម៉ោង ៣៖០០នាទីព្រឹក នៅឯសាល មហោស្រពសិល្បៈ Art All Night Festival ស្ថិតក្នុងទីក្រុងទ្រែនតុន (Trenton) នៃរដ្ឋញូជឺស៊ី។ សារព័ត៌មាននេះដដែលបានឱ្យដឹងទៀតថា មនុស្សជាច្រើននាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈបុរសជាជនសង្ស័យម្នាក់អាយុ ៣៣ឆ្នាំ ត្រូវបានបាញ់សម្លាប់ និងជន សង្ស័យនាក់ផ្សេងទៀតត្រូវចាប់ខ្លួន។
គួរបញ្ជាក់ថា បើតាមប៉ូលិសអាមេរិក មនុស្សច្រើនជាង ១,០០០នាក់ ត្រូវគេជឿជាក់ថា ស្ថិតនៅក្នុងសាលមហោស្រព ពេលការបាញ់ប្រហារផ្ទុះឡើង។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីមូលហេតុ នៃការបាញ់ប្រហារនេះនៅឡើយទេ ហើយអាជ្ញាធរកំពុងបើកការស៊ើបអង្កេតថា តើជសង្ស័យត្រូវបានប៉ូលិសបាញ់សម្លាប់ ឬជនសង្ស័យដទៃជាអ្នកបាញ់សម្លាប់៕