(ប៉េកាំង)៖ ចិនដែលជាអតិថិជនប្រេងដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បានបន្តធ្វើការសងសឹក ចំពោះការគំរាមកំហែងផ្នែកសេដ្ឋកិច្ចបែបឯតោភាគីរបស់លោក ដូណាល់ ត្រាំ តាមរយៈការព្រមានបង្កើនពន្ធថ្មីទៀត ទៅលើឧស្ម័នធម្មជាតិ ប្រេងឆៅ ព្រមទាំងផលិតផលផ្នែកថាមពលជាច្រើនផ្សេងទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។
ទីក្រុងប៉េកាំង បានគំរាមដំឡើងពន្ធលើផលិតផលផ្នែកថាមពល របស់សហរដ្ឋអាមេរិក ជាការឆ្លើយតបចំពោះការបង្កើនពន្ធ លើទំនិញចិនក្នុងទំហំជាទឹកប្រាក់ ៥០ពាន់លានដុល្លារ ដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ការដំឡើងពន្ធបែបនេះរបស់ទីក្រុងប៉េកាំង នឹងដាក់កំហិតមិនឲ្យក្រុមហ៊ុនចម្រាញ់វត្ថុធាតុដើមចិន ធ្វើការទិញឧស្ម័នធម្មជាតិ ឬប្រេងឆៅរបស់អាមេរិកឡើយ ដែលជាហេតុអាចបង្កឲ្យមានការប៉ះពាល់ជាខ្លាំង ដល់ទីផ្សារថាមពលសហរដ្ឋអាមេរិក។
គួរជម្រាបថា បើតាមស្ថិតិរបស់ក្រសួងថាមពលអាមេរិក ចិនធ្វើការនាំចូលប្រេងឆៅប្រមាណ ៣៦៣,០០០បារ៉ែលជារៀងរាល់ថ្ងៃ ពីសហរដ្ឋអាមេរិក និងប្រហែលជា ២០០,០០០បារ៉ែល នៃអនុផលប្រេងដទៃៗទៀតក្នុងមួយថ្ងៃ។ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន បាននិងកំពុងធ្វើឲ្យក្រុមហ៊ុនតូចធំៗក្នុងមហាយក្សទាំងពីរមានការព្រួយបារម្ភ និងអំពាវនាវឲ្យបញ្ឈប់ផងដែរ ព្រោះវានឹងបង្កការខាតបង់ទាំងសងខាង៕