(អង់ការ៉ា)៖ យោធាតួកគី បានឱ្យដឹងថាយន្ដហោះចម្បាំងរបស់ខ្លួនបានដឹកនាំ ការវាយប្រហារតាមផ្លូវអាកាសមួយ ដោយផ្ដាច់យកជីវិត ក្រុមសកម្មប្រយុទ្ធបក្សពលករឃើដ (PKK) ៣៥នាក់ នៅឯភាគខាងជើងប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ កាលពីថ្ងៃអាទិត្យ យោធាតួកគី បានអះអាងថាយន្ដហោះចម្បំាងតួកគីជាច្រើនគ្រឿងបាន វាយប្រហារតាមផ្លូវអាកាស កាលពីថ្ងៃទី១៥ ខែមិថុនា លើមូលដ្ឋាននៃក្រុមសកម្មប្រយុទ្ធ PKK នៅឯតំបន់ភ្នំ Qandil ស្ថិតនៅភាគ ខាងជើងប្រទេសអ៊ីរ៉ាក់។ ដោយឡែក កាលពីថ្ងៃសៅរ៍ កន្លងទៅ ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ក៏បានបញ្ជាក់ដែរថាការវាយ ប្រហារតាមផ្លូវអាកាសនេះ កើតឡើងនៅចំពេល PKK កំពុងបើកការប្រជុំដ៏សំខាន់មួយ។

គួរបញ្ជាក់ថា បើតាមទីក្រុងអង់ការ៉ា តំបន់ភ្នំ Qandil ក្នុងខេត្ត Erbil ប្រទេសអ៊ីរ៉ាក់ដែលស្ថិតនៅចំងាយ៤០គីឡូម៉ែត្រ ពីព្រំដែនតួកគី ត្រូវបាន PKK ប្រើប្រាស់ជាទីស្នាក់ការកណ្ដាលរបស់ខ្លួន៕