(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ នឹងចាប់ផ្ដើមការធ្វើសមយុទ្ធយោធារយៈពេលពីរថ្ងៃ សំដៅបង្កើនសមត្ថភាពការពារទីប្រជុំ កោះជម្លោះដុកដូ (Dokdo ឬជប៉ុនហៅថា តាកេស៊ីម៉ា) នៃឆ្នេរភាគខាងកើតរបស់ខ្លួន ពីការឈ្លានពានជាយកថាហេតុណាមួយ ពីសំណាក់កងកម្លាំងជប៉ុន។ នេះបើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក ឆយ យុនសូ (Choi Hyun-soo) បានគូសបញ្ជាក់ថា សមយុទ្ធ យោធានេះនឹងមានការចូលរួមពីនាវាចម្បាំង ០៦គ្រឿង និងយន្ដហោះចម្បាំង ០៧គ្រឿង។ លោក Choi បន្ថែមយ៉ាងដូច្នេះថា «សមយុទ្ធយោធាការពារទីប្រជុំកោះ Dokdo គឺជាសមយុទ្ធយោធាជាទម្លាប់ ដែលធ្វើឡើងក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាពការពារ ពីការឈ្លានពានណាមួយ ដោយកងកម្លាំងបរទេស»។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានគ្រប់គ្រងទីប្រជុំកោះ Dokdo ស្ថិតនៅសមុទ្រខាងកើត ឬសមុទ្រជប៉ុន ចាប់តាំងពីការដួលរលំអាណានិគមជប៉ុនលើឧបទ្វីបកូរ៉េ។ ចំណែកឯ ទីក្រុងកូត្យូ ក៏បានអះអាងផងដែរថា កោះដែលមានឈ្មោះជាភាសាជប៉ុនថា តាកេស៊ីម៉ា (Takeshima) មួយនេះ គឺជាកម្មសិទ្ធិរបស់ខ្លួន និងចោទថាកូរ៉េខាងត្បូង កំពុងគ្រប់គ្រងវាដោយខុសច្បាប់។
ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺសមយុទ្ធយោធានេះទៀតសោត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងសេអ៊ូលត្រូវបានគេរាយការណ៍ថា នឹងប្រកាសពីការផ្អាកការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ជាមួយសហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ៕