(កូឡុំប៊ី)៖ បេក្ខភាពដែលអ្នកនយោបាយស្តាំនិយមលោក អ៊ីវ៉ាន់ ឌូកេ (Ivan Duque) បានទទួលជ័យជម្នះ​ក្នុងការបោះឆ្នោត​ជុំចុងក្រោយ​ ដើម្បីជ្រើសរើស​ប្រធានាធិបតី​កូឡុំប៊ី ជាមួយ​សំឡេងគាំទ្រ ៥៤ភាគរយ ក្រោយពីសន្លឹក​ឆ្នោតជាង ៩៩ភាគរយ ត្រូវបានរាប់។ នេះបើតាម​ការប្រកាស​លទ្ធ​ផល​​ ពីក្រុមប្រឹក្សាជាតិ​រៀបចំការបោះឆ្នោត​កូឡុំប៊ី CNE ដកស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។

អ្នកនយោបាយ​វ័យ ៤១ឆ្នាំរូបនេះ បានទទួលបាន​សំឡេងឆ្នោត​គាំទ្រចំនួន ១០,៣៤០,៣១៣សន្លឹក ខណៈគូប្រជែង​របស់លោក ដែលជា​អ្នក​ឆ្វេងនិយម គឺលោក ហ្គូស្តាវ៉ូ ផេត្រូ (Gustavo Petro) ឈរនៅលេខ​រៀងទីពីរ ជាមួយសំឡេងគាំទ្រ ៤១.៨៣ភាគរយ ដែលស្មើនឹង​ ៨,០១៦,៤០២​​សន្លឹក​ឆ្នោត​។

លោក Duque នឹងត្រូវស្បថ​ចូលកាន់តំណែង​ជាផ្លូវការ​នៅខែសីហា បន្តពីប្រធានាធិបតីច​ប់អាណត្តិ​លោក ចូអាន ម៉ានូអែល សាន់តូស (Juan Manuel Santon) ដែល​​​ជា​​​អ្នក​​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព ជាមួយក្រុមឧទ្ទាម FARC និងទទួលបាន​ពានរង្វាន់ណូបែល​សន្តិភាព ដោយសារតែ​កិច្ចខិតខំប្រឹង​ប្រែងនេះ​ថែម​ទៀតផង។

គួរជម្រាបថា លោក Ivan Duque នឹងក្លាយជា​ប្រធានាធិបតីវ័យក្មេង​ជាងគេ​របស់ប្រទេស​កូឡុំប៊ី គិតចាប់តាំងពីឆ្នាំ១៨៧២​មក៕  ​