(វ៉ាស៊ីនតោន)៖ ជំទាវទីមួយអាមេរិក លោកស្រី Melania Trump បានបង្ហាញការមិនពេញចិត្តជាខ្លាំង ចំពោះគោលនយោបាយបំបែក បំបាក់នៃរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ លើឪពុកម្ដាយ និងកូនដែលជាជនអន្ដោប្រវេសន៍ខុសច្បាប់ មកពីប្រទេសមិចស៊ីកូ។ នេះបើតាមអ្នកនាំពាក្យរបស់លោកស្រី ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។
ការញ្ចេញប្រតិកម្មរបស់លោកស្រី Melania កើតមានឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានប្រកាសថា ចាប់តាំងពីការដាក់ចេញនូវ គោលនយោបាយគ្មានការលើកលែងថ្មី របស់ខ្លួនកាលពីពាក់កណ្ដាលខែមេសាមក មានកុមារជាង ២,០០០នាក់ ត្រូវបានបំបែកចេញពីឪពុកម្ដាយរបស់ពួកគេ ដែលត្រូវបានចាប់ខ្លួនពីបទឆ្លងដែន ចូលមកកាន់សហរដ្ឋអាមេរិកដោយខុសច្បាប់ ។ ប៉ុន្តែក្រៅពីគណបក្សប្រជាធិតេយ្យ សូម្បីតែភរិយាលោកត្រាំ គឺលោកស្រី Melania Trump ក៏បានបង្ហាញការជំទាស់ និងមិនពេញ ចិត្តផងដែរចំពោះគោលនយោបាយនេះ។
ជំទាវទីមួយអាមេរិក បានលើកឡើងតាមរយៈអ្នកនាំពាក្យប្រាប់ CNN យ៉ាងដូច្នេះថា «ខ្ញុំស្អប់ការបំបែកបាក់កូនចេញពីឪពុក ម្ដាយរបស់ពួកគេខ្លាំងណាស់... ដូច្នេះខ្ញុំសង្ឃឹមថា គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណៈរដ្ឋ អាចនឹងឈានដល់ការ ឯកភាពគ្នាដើម្បីធ្វើកំណែទម្រង់ដោយជោគជ័យ លើគោលនយោបាយអន្តោប្រវេសន៍ទាំងអស់គ្នា»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ក៏បានបង្ហោះសារមួយ នៅលើ Twitter កាលពីថ្ងៃសៅរ៍ផងដែរ ដោយជម្រុញឱ្យគណបក្សប្រជាធិបតេយ្យ ធ្វើការងារជាមួយគណបក្សសាធារណរដ្ឋ សំដៅបង្កើតច្បាប់ថ្មី។ តែទោះជាយ៉ាងនេះក្ដី ក្រុមអង្គការសិទ្ធិមនុស្ស បានរិះគន់យ៉ាងខ្លាំងលើគោលនយោបាយអន្តោប្រវេសន៍ របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដោយចាត់ទុកថា វាគឺជាការរំលោភសិទ្ធិមនុស្សមួយមិនធ្លាប់មានពីមុនមក៕