(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់គោលដៅថា នឹងសម្រេចឲ្យបាននូវការបិទបញ្ចប់ជាផ្លូវការនៅចុងឆ្នាំនេះ (កិច្ចព្រមព្រៀងសន្តិភាព) នៃសង្រ្គាមកូរ៉េ ដែលបានកើតឡើងពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ដែលកាលនោះវាបានបញ្ឈប់ទៅ តាមរយៈបទឈប់បាញ់គ្នាប៉ុណ្ណោះ។ នេះបើតាមសម្តីរបស់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha) ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។
កាលពីខែមេសា លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំមួយជាប្រវត្តិសាស្រ្តជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ហើយមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាសហការ ដើម្បីដោះស្រាយភាពតានតឹងទ្វេភាគីដោយសន្តិវិធី។ ជាមួយគ្នានេះ លោកស្រី Kang បាននិយាយថា «គោលដៅរបស់រដ្ឋាភិបាលយើង គឺព្យាយាមសម្រេចឲ្យបាននូវសន្ធិសញ្ញាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមជាផ្លូវការនៅក្នុងឆ្នាំនេះតែម្តង»។
គួរជម្រាបថា នាពេលថ្មីៗនេះលោក មូន ជែអ៊ីន ក៏បានបង្ហាញពីក្តីសង្ឃឹមផងដែរថា ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង ដែលទើបប្រព្រឹត្តទៅនឹងជួយត្រួសត្រាយផ្លូវ ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ព្រមទាំងសន្តិភាពពេញលេញនៅក្នុងតំបន់ ក្រោយពីលោក ដូណាល់ ត្រាំ និងលោក គីម បានជួបគ្នានៅកោះ Sentosa របស់សិង្ហបុរី ហើយបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដែលបង្ហាញពីការប្តេជ្ញាចិត្តរៀងៗខ្លួន ដើម្បីចាប់ផ្តើមទំនាក់ទំនងថ្មី និងកសាងសន្តិភាពយូរអង្វែង នៅលើឧបទ្វីបកូរ៉េ៕