(តូក្យូ)៖ សារព័ត៌មាន​ជប៉ុន NHK បានឱ្យដឹង​ថា ចំនួនមនុស្សរងរបួស​ដោយសារ​គ្រោះរញ្ជួយដី​​កម្រិត ៦.១រ៉ិចទ័រ (ត្រូវបានគេ​ដំឡើង​ពី ៥.៩រ៉ិចទ័រ) ដែល​បាន​​វាយប្រហារខេត្ត អូសាកា (Osaka) ភាគខាង​លិចប្រទេស​ជប៉ុន​នាព្រឹក​ថ្ងៃ​ចន្ទនេះ បានកើនដល់ ២០០នាក់​ហើយ ខណៈមនុស្ស​ ០៣នាក់ ត្រូវបានគេ​រាយការណ៍ថា បានបាត់​បង់​ជីវិត។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀល​ថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។

ជាមួយគ្នា​នោះដែរ ចំនួនមនុស្ស​ស្លាប់​អាចនឹងកើន​ឡើង​ថែមទៀត ដោយ​រដ្ឋមន្រ្តី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​​ជប៉ុន លោក ហាជីរ៉ូ អូកូនូជិ (Hachiro Okonogi) បានឲ្យ​ដឹងថា នៅ​មានមនុស្ស​​ជាប់នៅក្រោម​គំនរ​អគារ​ដែលបាន​ដួលរលំ ហើយក្រុម​ភ្នាក់ងារជួយ​សង្រ្គោះ កំពុងព្យាយាម​​តាមស្វែង​រកពួកគេ។

ដោយឡែកបើតាម​​ NHK​ ករណីអគ្គីភ័យ​ក៏បានកើតមានឡើង ដោយសារ​ហេតុការណ៍រញ្ជួយដី​នេះផងដែរ ខណៈមនុស្ស​ជាច្រើន​ត្រូវបានគេ​ជឿ​ជាក់ថា នៅជាប់គាំងក្នុង​ប្រអប់ជណ្តើរ​យន្ត ហើយលំនៅឋានជាង ១៧០,០០០ខ្នង នៅខេត្ត Osaka និងខេត្ត ហ៊ីយ៉ូហ្គោ (Hyogo) កំពុងគ្មានអគ្គិសនី​​ប្រើប្រាស់។

គួរជម្រាបថា គ្រោះរញ្ជួយដីដែល​មានជម្រៅ ១០គីឡូម៉ែត្រ​ក្រោមផ្ទៃដីនេះ ពុំបានបង្កជា​រលកយក្សស៊ូណាមិ​នោះឡើយ ហើយក្នុង ចំណោមជងរងគ្រោះទាំង០៣នាក់ខាងលើ មានក្មេងស្រីម្នាក់អាយុ០៩ឆ្នាំ៕