(តូក្យូ)៖ កាសែតមួយចូលចិត្តចេញផ្សាយ រឿងរសើបនានារបស់កូរ៉េខាងជើង មានឈ្មោះ Munhwa Ilbo ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង បានចេញផ្សាយថា កូរ៉េខាងជើងមានរោងចក្រ ផលិតគ្រឿងបរិក្ខាពាក់ព័ន្ធនឹងគ្រាប់មីស៊ីល-នុយក្លេអ៊ែរ រហូតដល់ទៅជាង ១០០កន្លែង ខណៈអាជ្ញាធរអាមេរិកវិញបានអះអាងលើសពីនេះថា វាអាចមានរហូតដល់ទៅ ៣,០០០កន្លែងឯណោះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។
ការចេញផ្សាយព័ត៌មានសម្ងាត់ពីកូរ៉េខាងជើងខាងលើនេះ ធ្វើឲ្យសាធារណៈមតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកព្រួយបារម្ភថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង នឹងត្រូវប្រើពេលវេលាយូរ និងថវិកាច្រើនជាងការរំពឹងទុក ហើយពិតប្រាកដណាស់ថា វាមិនអាចសម្រេចបានក្នុងរយៈពេលពីរទៅបីឆ្នាំ តាមការរំពឹងទុកបន្ទាប់ពីកិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរី បានបញ្ចប់ទៅកាលពីសប្តាហ៍មុននោះឡើយ។
គួរបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំ ត្រាំ-គីម តែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្រុមអ្នកវិភាគបានគណនាថា យ៉ាងហោចណាស់ការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងទាំងស្រុង ក៏ត្រូវទឹកប្រាក់ចំនួន ២០ពាន់លានដុល្លារដែរ ដោយលោក ដូណាល់ ត្រាំ ចង់ឲ្យសម្រេចបាននៅមុនដំណាច់ឆ្នាំ២០២០ ជារយៈពេលមុនអាណត្តិដឹកនាំទី ១ របស់លោកត្រូវបញ្ចប់។ បន្ថែមពីនេះ លោកក៏បានទម្លាក់បន្ទុកនៃការចំណាយនេះ ទៅឲ្យជប៉ុន និងកូរ៉េខាងត្បូងផងដែរ៕