(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា ក្រុមគ្រួសារសាច់ញាតិរបស់ជនសង្ស័យដែលត្រូវបានបាញ់ សម្លាប់នៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក នឹងមិនទទួលបានយុត្តិធម៌ឡើយ ហើយនេះគឺជាការទាត់ចោលការអំពាវនាវពី ក្រុមអង្គការសិទ្ធិមនុស្ស ឱ្យរដ្ឋាភិបាលទីក្រុងម៉ានីល ស្វែងរកយុត្តិធម៌ដល់អ្នកស្លាប់រាប់ពាន់នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
ជនសង្ស័យគ្រឿងញៀនច្រើនជាង ៤,២០០នាក់ ត្រូវបានប៉ូលិសសម្លាប់ នៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូតឺតេ ចាប់ តាំងពីឆ្នាំ២០១៦ មក។ ចំណែកឯ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រួមទាំងអង្គការសិទ្ធិមនុស្សជាច្រើន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការស្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនេះ។ ប៉ុន្តែប៉ូលិសហ្វីលីពីន បានច្រានចោលរាល់ការចោទប្រកាន់ដោយនិយាយថា ពួកគេត្រូវតែប្រើកម្លាំងបាយ ដោយសារតែជនសង្ស័យមានអាវុធ និងតដៃជាមួយប៉ូលិស។
លើសពីនេះទៅទៀត សូម្បីតែលោក ឌូតឺតេ ផ្ទាល់ ក៏នៅតែប្រកាន់គោលជំហរដដែល ចំពោះសង្រ្គាមគ្រឿងញៀន ដោយថែមទាំង អះអាងថា ក្រុមគ្រួសារសាច់ញាតិរបស់ជនសង្ស័យទាំងនោះ នឹងមិនទទួលបានយុត្តិធម៌ឡើយ។ ប្រធានាធិបតីហ្វីលីពីនរូបនេះ បាន លើកឡើងនៅក្នុងសុន្ទរកថាមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះដូច្នេះថា «បើសិនជា អ្នកគិតថាអ្នកអាចទទួលបានយុត្តិធម៌យ៉ាងងាយស្រួល ពីព្រោះតែអ្នកបានបាត់បង់សាច់ញាតិណាម្នាក់ ដែលជាឧក្រិដ្ឋជនគ្រឿងញៀន នោះខ្ញុំសូមទោសដែលត្រូវនិយាយថា ខ្ញុំនឹងមិនអនុញ្ញាតឱ្យ រឿងបែបនេះកើតឡើងឡើយ»។
គួរបញ្ជាក់ថា បើតាមលោក ឌូតឺតេ កុំថាឡើយការស្វែងរកយុត្តិធម៌ សូម្បីតែប៉ូលិស ឬយោធាដែលបានសម្លាប់អ្នកប្រើប្រាស់ និងអ្នកជួញដូរគ្រឿងញៀន ក៏លោកមិនអនុញាតឱ្យមានការកាត់ទោសលើពួកគេដែរ៕