(រ៉ង់ហ្គូន)៖ សភាតំណាងរាស្រ្តរបស់មីយ៉ាន់ម៉ា បានបោះឆ្នោតប្រឆាំងសេចក្តីស្នើច្បាប់ ស្តីពីការដាក់ទោសប្រហារជីវិត ទៅលើជនល្មើសក្នុងករណីរំលោភផ្លូវភេទលើអនីតិជន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានមីយ៉ាន់ម៉ា Global New Light of Myanmar ដកស្រង់ខ្លឹមសារដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
សេចក្តីស្នើច្បាប់ខាងលើ ដែលរៀបចំឡើងដោយសមាជិកសភាមួយរូប បានអំពាវនាវឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា អនុម័តនូវច្បាប់ពិសេសប្រកបដោយប្រសិទ្ធភាពមួយ ដើម្បីទប់ស្កាត់ការរំលោភសេពសន្ទវៈលើអនីតិជន ហើយស្នើឲ្យមានការរួមបញ្ចូលទោសប្រហារជីវិត នៅក្នុងច្បាប់ថ្មីនេះផងដែរ។
ដោយសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ា គឺជាសមាជិករបស់អង្គការសហប្រជាជាតិ និងបានសន្យាគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន សមាជិកសភាម្នាក់គឺលោកស្រី ដរ ម្យីនម្យីន (Daw Myint Myint) បានលើកឡើងក្នុងវេទិកាជជែកដេញដោលនៅសភាថា មីយ៉ាន់ម៉ាក៏បានយល់ព្រមដោយឥតលក្ខខណ្ឌ ចំពោះការពិតដែលថា ពុំមានបទល្មើសណាមួយ ដែលគួរត្រូវទទួលការដាក់ទោសប្រហារជីវិតនោះឡើយ ដូចទៅនឹងអ្វីដែលបានព្រមព្រៀងគ្នា ដោយប្រទេសជាច្រើន ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ ហើយជាងនេះទៅទៀត វាក៏ពុំមានភស្តុតាងអ្វីឡើយដែលបង្ហាញថា ទោសប្រហារជីវិត អាចរារាំង ឬកាត់បន្ថយបទល្មើសនានា។
ជុំវិញបញ្ហានេះ សមាជិកសភាដទៃទៀត បាននិយាយថា ការសម្លាប់ជីវិត គឺមិនមានជាប់ទាក់ទងដោយផ្ទាល់ទៅនឹងការកាត់បន្ថយ និងលុបបំបាត់បទល្មើសនេះឡើយ និងបានទទូចឲ្យមានការអនុម័តមធ្យោបាយផ្សេងទៀត ដើម្បីអាចឲ្យមនុស្សគ្រប់គ្នានៅក្នុងសង្គម រស់នៅដោយឈរលើសីលធម៌ត្រឹមត្រូវ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏កំពុងរៀបចំសេចក្តីព្រាងច្បាប់ពិសេសមួយ ស្តីពីសិទ្ធិមនុស្ស និងច្បាប់អំពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីភេទផងដែរ។
គួរជម្រាបថា ច្បាប់ស្តីពីទោសប្រហារជីវិតខាងលើ ត្រូវបានសមាជិករដ្ឋសភាជាតិមីយ៉ាន់ម៉ា បោះឆ្នោតក្នុងសំឡេងគាំទ្រចំនួន ១៤១ និងប្រឆាំងចំនួន ២២៧៕