(ម៉ូស្គូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅអំឡុងបំពេញដំណើរទស្សនកិច្ច ទៅកាន់អឺរ៉ុបនៅខែក្រោយនេះ។ ប៉ុន្តែរដ្ឋាភិបាលអង់គ្លេស កំពុងព្រួយបារម្ភខ្លាចក្រែងថា ជំនួបរវាងអ្នកទាំងពីរនឹង បង្កផលប៉ះពាល់អវិជ្ជមានដល់អង្គការ NATO។ នេះបើតាម New York Times ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមកាសែត New York Times លោក ត្រាំ អាចនឹងជួបជាមួយលោក ពូទីន នៅមុនកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងព្រុចសែល ឬក៏មុនដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅខែកក្កដាខាងមុខនេះ។ ប៉ុន្តែកាសែតអាមេរិកមួយនេះ បានបញ្ជាក់ទៀតថា រដ្ឋាភិបាលអង់គ្លេសកំពុងព្រួយបារម្ភខា្លចក្រែងថា ជំនួបរវាងលោក ត្រាំ និងលោក ពូទីន អាចនឹងធ្វើឱ្យប៉ះពាល់ ដល់ការប្ដេជ្ញាចិត្តរបស់លោក ត្រាំ ចំពោះអង្គការណាតូ ក៏ដូចជាលទ្ធផលនៃដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងឡុងដ៍នៅថ្ងៃទី១៣ ខែកក្កដាខាងមុខ។
មិនតែប៉ុណ្ណោះ New York Times ផ្អែកលើប្រភពពីមន្ត្រីទូតអឺរ៉ុបក៏បានសង្កត់ធ្ងន់ផងដែរថា បើសិនជាលោក ត្រាំ ជួបជាមួយលោកពូទីន នៅមុខជំនួបកំពូល NATO នៅថ្ងៃទី១១ ខែកក្កដា ក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នោះវានឹងបង្ហាញ ពីផលអវិជ្ជមានកាន់តែខ្លាំងក្នុងទំនាក់ទំនងអាមេរិក-ណាតូ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានលោក អាចនឹងជួបជាមួយលោក ពូទីន នៅរដូវក្ដៅនេះបន្ទាប់ពីលោកបានបង្កភាពក្ដៅក្រហាយ ដល់មេដឹកនាំអឺរ៉ុប តាមរយៈការស្នើឱ្យរុស្ស៊ីត្រឡប់មកចូលរួមជាមួយប្រទេស G7 វិញ ដែលបានដករុស្ស៊ីចេញកាលពីឆ្នាំ២០១៤ ដោយសាតែវិបត្តិនៅភាគខាងកើតប្រទេសអ៊ុយក្រែន និងតំបន់គ្រីមៀ៕