(អង់ការ៉ា)៖ នៅទីបំផុត​ប្រទេស​តួកគី បានទទួល​យន្ដហោះ​ចម្បាំង F-35 ពីរគ្រឿងដំបូង​ពី​សហរដ្ឋអាមេរិក ប៉ុន្តែយន្ដហោះ​ទាំងពីរ​គ្រឿងនេះ​ មិនអាចយក​ចេញពី​សហរដ្ឋអាមេរិក​ឡើយរហូតដល់​ដំណាច់ឆ្នាំ២០១៩ ស្របពេល​សភាអាមេរិកកំពុង​ស្វះស្វែងអនុម័ត ច្បាប់រារាំង​ការលក់អាវុធឱ្យទីក្រុងអង់ការ៉ា ដោយសារការទិញ​ប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី។ នេះបើតាមការចេញ​ផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ​​​ ទី២២ ខែមិថុនា ឆ្នាំ២០១៨។

ពិធីប្រគល់​យន្ដហោះ​ចម្បាំង F-35 ពីរគ្រឿងដំបូង បានប្រព្រឹត្ត​ទៅនៅឯរោងចក្រ​ក្រុមហ៊ុនផលិត​អាវុធអាមេរិក Lockheed Martin ក្នុងទីក្រុង ហ្វត វើសថ៍ (Fort Worth) នៃរដ្ឋ តិចសាស់ (Texas) នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ។ ប៉ុន្តែ​រដ្ឋាភិបាល​វ៉ាស៊ីនតោន ​បានបញ្ជូនត្រឹម​តែមន្ត្រីតំណាងក្នុងតំបន់របស់​ខ្លួន ឱ្យទៅចូលរួម​ក្នុងពិធីប្រគល់នេះ​ជាមួយ​អនុរដ្ឋលេខាធិការ នៃឧស្សាហកម្ម​ការពារជាតិ​តួកគី (Turkey’s Deputy Undersecretary of Defense Industries) លោក ស៊ែរដារ ដេមីរែល (Serdar Demirel​)។

គួរបញ្ជាក់ថា នៅក្រោយពិធី​ប្រគល់នេះ តួកគីមិនអាចយកយន្ដហោះ​ចម្បាំង F-35 ពីរគ្រឿងដំបូង​ត្រឡប់ទៅ​ផ្ទះនោះទេ ដោយវាត្រូវ​បញ្ជូនបន្តទៅកាន់មូលដ្ឋាន​ទ័ពអាកាស លូកេ (Luke) ក្នុងរដ្ឋ អារីហ្សូណា (Arizona) ជាទីដែលពីឡុត និងអ្នកបច្ចេកទេសតួកគី អាចធ្វើការ​សាកល្បង និងរៀនហោះហើរ។ ពោលគឺចាំមើល​រហូតដល់ដំណាច់ឆ្នាំ២០១៩ ទើបយន្ដហោះចម្បាំង​ទាំងនេះត្រូវបានគេ​បញ្ជូនទៅកាន់​តួកគី៕