(ម៉ានីល)៖ ហ្វីលីពីនបានបញ្ជាក់ថា ខ្លួនពុំមានបំណងដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC) ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។
ការបញ្ជាក់អះអាងខាងលើនេះ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ គឺលោក ហារី រ៉ូក (Harry Roque) ជាការឆ្លើយតបចំពោះសំណួរថា តើការដកខ្លួនរបស់សហរដ្ឋអាមេរិកពី UNHRC គឺជាការបង្ហាញពីភាពត្រឹមត្រូវ នៃគោលជំហរដ៏រឹងមាំរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រឆាំងនឹងឧត្តមស្នងការនៃស្ថាប័ននេះ គឺលោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូស្សេន (Zeid Ra'ad Al Hussein) ដែរ ឬយ៉ាងណា។
គួរជម្រាបថា កាលពីខែកញ្ញា ឆ្នាំ២០១៧ ឧត្តមស្នងការ UNHRC បានបង្ហាញក្តីព្រួយបារម្ភក្រៃលែង ជុំវិញបញ្ហាជាច្រើន រួមមានទាំងការសម្លាប់ជីវិតជនសង្ស័យ និងអ្នកប្រើប្រាស់គ្រឿងញៀននៅប្រទេសហ្វីលីពីន។ កាលពីខែមេសាកន្លងទៅនេះ សម្តីរបស់លោក Al Hussein បានធ្វើឲ្យលោក ឌូតឺតេ ក្តៅស្លឹកត្រចៀកជាខ្លាំង ដែលបណ្តាលឲ្យបុរសខ្លាំងហ្វីលីពីនរូបនេះ តិះដៀលមិនសំចៃមាត់ដាក់លោកឧត្តមស្នងការ UNHRC ថែមទៀតផង៕