(វ៉ាស៊ីនតោន)៖ ជំទាវទីមួយអាមេរិក គឺលោកស្រី មេឡានៀ ត្រាំ (Melania Trump) បានបំពេញដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើល អមជាមួយការរិះគន់ផងដែរ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ទៅកាន់តំបន់ព្រំដែនរវាងអាមេរិក- មិចស៊ីកូ ខណៈរដ្ឋបាលប្ដីរបស់លោកស្រី កំពុងទទួលការរិះគន់យ៉ាងខ្លាំង ជុំវិញគោលនយោបាយបំបែកបាក់គ្រួសារជនអន្តោប្រវេសន៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។
លោកស្រី Melania Trump បានធ្វើដំណើរទៅកាន់ទីក្រុង ម៉ាកអាល់ឡេន (McAllen) នៃរដ្ឋ តិចសាស់ (Texa) បំពេញទស្សនកិច្ចនៅឯមជ្ឈមណ្ឌល (Upbring New Hope Children Center) ជាដែលកុមារ ៥៥នាក់មានអាយុពី ០៥ឆ្នាំ ដល់ ១៧ឆ្នាំ មកពីប្រទេស ហុងឌូរ៉ាស់ (Honduras), ហ្គាតេម៉ាឡា (Guatemala) និង អែលសាលវ៉ាឌ័រ (El Salvador) កំពុងស្នាក់នៅ។
បន្ថែមពីលើនេះ ថ្លែងនាឱកាសនោះលោកស្រី Melania បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជារីករាយណាស់ដែលបានមកទីនេះ ហើយខ្ញុំកំពុងអន្ទះសាជួយក្មេងទាំងអស់នេះ។ ម្យ៉ាងទៀត ខ្ញុំក៏ចង់សួរអ្នកដែរថា តើខ្ញុំត្រូវធ្វើដូចម្ដេចជួយឱ្យក្មេង ទាំងនេះជួបជុំឪពុកម្ដាយរបស់ពួកគេឡើងវិញ»។ ប៉ុន្តែទន្ទឹមគ្នា អ្នកលេងបណ្ដាញ Twitter បានបង្ហោះសាររិះគន់លោស្រីចាស់ដៃ រឿងពាក់អាវក្រៅមានសរសេរអក្សរជាភាសា អង់គ្លេសថា «I really don't care do u?» ឬមានន័យថា «ខ្ញុំពិតជាមិនខ្វល់ទេ ចុះអ្នកវិញ?»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី Melania Trump កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីបញ្ចប់គោលនយោបាយបំបែកបំបាក់កុមារចេញពីឪពុកម្ដាយរបស់ពួកគេ ដែលត្រួវបានអាជ្ញាធរអាមេរិកចាប់ខ្លួន ពីបទឆ្លងដែនខុសច្បាប់ចូលសហរដ្ឋអាមេរិកពីម៉ិចស៊ីកូ។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ថា បទបញ្ជានេះនឹងត្រូវអនុវត្តន៍នៅពេលណានោះទេ។ ចំណែកឯការឃុំខ្លួនកុមារ និងឪពុកម្ដាយជាជនអន្តោប្រវេសន៍ខុសច្បាប់រួមគ្នា ធ្វើឡើងតែក្នុងករណីមានការព្រួយបារម្ភពីសុខមាលភាពរបស់កុមារតែប៉ុណ្ណោះ ហើយគេក៏មិនដឹងថាវានឹងមានរយៈពេលយូរប៉ុណ្ណាដែរ៕