(ចិន)៖ ក្រុមហ៊ុន JD.com ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំនៅចិន កំពុងចង់ពង្រីកអាជីវកម្មរបស់ខ្លួនឱ្យបានចំរុះប្រភេទ ក្នុងវិស័យជាច្រើនដូចជា ហិរញ្ញវត្ថុ យានយន្ត អចលនទ្រព្យ និងសុខាភិបាលជាដើម។ ការពង្រីកអាជីវកម្មនេះ គឺដើម្បីអភិវឌ្ឍខ្លួន ពីក្រុមហ៊ុនដែលគ្រាន់តែលក់ទំនិញរាយតាមអនឡាញធម្មតាៗ ទៅជាក្រុមហ៊ុនដែលផ្តល់សេវាចំរុះប្រភេទ។ នេះបើយោងតាម លោក លាវ ឈាងតុង ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះ។
ក្នុងរយៈពេលបីខែដើមឆ្នាំនេះ ក្រុមហ៊ុន JD.com រកប្រាក់ចំណេញសរុបបាន២៣០លានដុល្លារអាមេរិក ពោលគឺមានប្រាក់ចំណេញ៨ត្រីមាសជាប់ៗគ្នាមកហើយ។
បើទោះជាអាជីវកម្មលក់ទំនិញអនឡាញរបស់ក្រុមហ៊ុន នៅតែជាកត្តាជំរុញដ៏ធំសម្រាប់ការរីកចម្រើនរបស់ក្រុមហ៊ុនក៏ដោយ ក៏ JD.com នៅតែព្យាយាមយ៉ាងសកម្ម ក្នុងការស្វែងរកអាជីវកម្មថ្មីៗ ដែលអាចជួយរុញច្រានក្រុមហ៊ុន ឱ្យឈានដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ។ នេះបើយោងតាមលោក លាវ។
លោក លាវ ឈាងតុង ថ្លែងថា «អាជីវកម្មដែលរីកចម្រើនខ្លាំងរបស់យើង គឺផ្នែកលក់រាយនិងពាណិជ្ជកម្មអេឡិចត្រូនិច។ ឯផ្នែកហិរញ្ញវត្ថុនិងដឹកជញ្ជូនវិញ គឺយើងកំពុងខាតបង់។ អស់រយៈពេល១០ឆ្នាំកន្លងមកនេះ យើងបានមកដល់ផ្លូវកោងហើយ។ បច្ចុប្បន្ន យើងកំពុងស្ថិតក្នុងផ្លូវកោងទី២ ដែលការអភិវឌ្ឍភាគច្រើន គឺបានមកពីផលិតផលថ្មីៗ ដូចជាផលិតផលផ្នែកសុខាភិបាល ព្យាបាល យានយន្ត អចលនទ្រព្យ និងសេវាផ្សេងៗ ព្រមទាំងការពង្រឹងកម្លាំងរបស់យើងនៅបរទេស វិស័យដឹកជញ្ជូន និងប្រាក់ចំនូលពីវិស័យបច្ចេកវិទ្យាផងដែរ»។សម្រាប់ផែនការពង្រីកអាជីវកម្ម ក្រុមហ៊ុនលក់រាយដ៏ធំនេះ កំពុងផ្តោតសំខាន់ទៅលើទីផ្សារផ្នែកសេវាកម្មធំៗ។
លោក លាវ ឈាងតុង ថ្លែងទៀតថា «វិស័យសេវាកម្ម មានសក្តានុពលធំសម្បើមណាស់ ក្នុងការបង្កើតទីផ្សារផ្សេងៗ ដែលមានតម្លៃរាប់ម៉ឺនលានយ័ន ឬ រាប់សែនលានយ័ន។ ទីផ្សារទាំងនោះ ជាទូទៅ គឺជាទីផ្សារដ៏ថ្មីសន្លាង និងមិនទាន់សូវមានគេចូលនោះទេ។ ដូច្នេះ យើងកំពុងពង្រីកខ្លួនចូលក្នុងទីផ្សារទាំងនេះ យ៉ាងសកម្ម។ JD.com នឹងផ្តោតសំខាន់ទៅលើវិស័យសំខាន់៣ គឺយានយន្ត អចលនទ្រព្យ និងសេវាព្យាបាល ហើយយើងនឹងទទួលបានប្រាក់ចំនូលមួយភាគធំ ពីសេវាកម្មអស់ទាំងនេះ ក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ»។ប្រធានក្រុមប្រឹក្សាភិបាលរូបនេះ ក៏បានកំណត់ផែនការយុទ្ធសាស្ត្រស្នូលចំនួន២ផងដែរ សម្រាប់ក្រុមហ៊ុនរបស់លោក។
លោក លាវ ឈាងតុង បញ្ជាក់ទៀតថា «ផែនការយុទ្ធសាស្ត្ររបស់JD.com គឺផ្តោតលើបេសកកម្ម២ ដែលខ្ញុំចង់សម្រេចឱ្យបានក្នុងមួយជីវិតខ្ញុំនេះ។ ទីមួយ គឺកសាងបណ្តាញផ្គត់ផ្គង់ ដែលផ្អែកលើប្រព័ន្ធដឹកជញ្ជូន។ ហើយទីពីរ គឺក្លាយខ្លួនជាអ្នកផ្តល់បច្ចេកវិទ្យា»៕(សារព័ត៌មាន CCTV របស់ចិន)