(អឺរ៉ុប)៖ សង្រ្គាមពាណិជ្ជកម្មដែលប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាន់តែរីករាលដាលធំឡើងហើយ ដោយសហភាពអឺរ៉ុបបានប្រកាសពីវិធានការសងសឹក ដោយដំឡើងពន្ធលើផលិតផលនាំចូលពីសហរដ្ឋអាមេរិក មានតម្លៃរាប់ពាន់លានអឺរូ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមវិធានការរបស់សហភាពអឺរ៉ុប កតាព្វកិច្ចដំឡើងពន្ធ ២.៨ពាន់លានអឺរ៉ូ នឹងត្រូវចូលជាធរមាននៅថ្ងៃសុក្រនេះ ហើយការដំឡើងពន្ធនេះទៀតសោត គឺមានគោលដៅលើ ស្រាវីស្គី ម៉ូតូ និងទឹកក្រូចស្រស់ជាដើម។ បន្ថែមពីលើនេះ ប្រធានគណកម្មការអឺរ៉ុប លោក ហ្សង់ ក្លូដ ចាំងខឺ (Jean-Claude Juncker) បានអះអាងថា ការតម្លើងពន្ធរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងសហភាពអឺរ៉ុប គឺប្រឆាំងនឹងភាពត្រឹមត្រូវ និងប្រវត្តិសាស្ត្រ។
គួរបញ្ជាក់ថា ក្រៅតែពីសហភាពអឺរ៉ុបឥណ្ឌាក៏បានប្រកាសផងដែរថា នឹងតម្លើងពន្ធនាំចូលលើផលិតផល ២៩មុខ នាំចូលពីសហរដ្ឋអាមេរិក ក្នុងនោះរួមមានផលិតកសិកម្ម ដែកថែបជាដើម ដើម្បីសងសឹកនឹងការតម្លើងពន្ធ ២៥ភាគរយ លើដែកថែប និង ១០ភាគរយ លើអាលុយមីញ៉ូមរបស់លោក ដូណាល់ ត្រាំ៕