(ការ៉ាកាស់)៖ ខណៈដែលស្ថានការណ៍សន្តិសុខ និងសេដ្ឋកិច្ចកំពុងតែស្ថិតនៅក្នុងភាពផុយស្រួយខ្លាំងនោះ មេដឹកនាំវេណេស៊ុយអេឡាដែលទើបជាប់ឆ្នោតថ្មីៗ លោក នីកូឡាស ម៉ាឌូរ៉ូ បានប្រកាសឲ្យកងទ័ពរបស់ខ្លួនប្រុងជើងការឲ្យហើយ ព្រោះមានសញ្ញាសង្ស័យកំពុងលេចឡើង ដោយក្រុមមេទ័ពចូលនិវត្តន៍អាចនឹងងើបឡើង ដើម្បីបះបោរប្រឆាំងរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។
ការអំពាវនាវរបស់លោក ម៉ាឌូរ៉ូ ខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងឱកាស ដែលលោកដឹកនាំការធ្វើព្យុហយាត្រាយោធាដ៏ធំមួយ នៅក្នុងរដ្ឋ ការ៉ាបូបូ (Carabobo) ស្ថិតនៅភាគកណ្តាលប្រទេសអាមេរិកឡាទីនមួយនេះ។ លោកក៏បានបញ្ជាក់ច្បាស់ៗទៀតថា គំរោងការក្បត់ខាងលើនេះ គឺបាននិងកំពុងរៀបចំឡើងនៅទីក្រុង បូហ្គោតា នៃប្រទេសកូឡុំប៊ី ដែលជាប់ព្រំដែនភាគខាងត្បូង និងខាងលិចប្រទេសវេណេស៊ុយអេឡា ដើម្បីរៀបចំផែនការក្បត់ ដោយមានជំនួយពីបរទេស។
លោក ម៉ាឌូរ៉ូ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ប្រទេសបើថ្ងៃណាមួយពួកក្បត់នៅកូឡុំប៊ី ហ៊ានវាយប្រហារមកលើវេណេស៊ុយអេឡានោះ យើងត្រូវតែត្រៀមខ្លួនដើម្បីការពារបូរណភាពដែនដីរបស់យើង»។ លោកក៏បានបង្ហើបទៀតថា ក្រុមក្បត់ខាងលើនេះ គឺមានពួកចក្រពត្តិភាគខាងជើង នោះគឺសហរដ្ឋអាមេរិក ជាអ្នកឧបត្ថម្ភគាំទ្រ ដោយប្រើប្រាស់មូលដ្ឋាននៅទីក្រុង បូហ្គោតា ជាកន្លែងប្រមូលផ្តុំគ្នា៕