(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកបានឱ្យដឹងថា កុមារ ២,០៥៣នាក់ ដែលបានព្រាត់ប្រាសពីឪពុកម្ដាយរបស់ពួកគេ ក្រោមគោលនយោបាយអន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ នៅតែបន្តជាប់ឃុំនៅឡើយ ខណៈពួកគេកំពុងស្វែងស្វះឱ្យកុមារ ទាំងជួបជុំគ្រួសារឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។
ជុំវិញបញ្ហាអន្តោប្រវេសន៍នេះដែរ ក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) បានបញ្ជាក់ថា មកទល់ពេលនេះនីតិវិធីដើម្បីសម្របសម្រួលបញ្ហានេះកំពុងដំណើរការនៅឡើយ ស្របពេលការរិះគន់នៅតែបន្តកើនឡើងកាន់តែខ្លាំង បើទោះជាលោក ដូណាល់ ត្រាំ បានប្រកាសបិទបញ្ចប់គោល នយោបាយគ្មានការអត់ឱន ដែលបំបែកបំបាក់កុមារពីឪពុកម្ដាយរបស់ពួកគេក៏ដោយ។ អ្នកទាំងនេះត្រូវបានចាប់ខ្លួនពីបទ ឆ្លងព្រំដែនដោយខុសច្បាប់ ពីប្រទេសមិចស៊ីកូ មកកាន់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កុមារសរុប ៥២២នាក់ បានជួបជុំគ្រួសាររបស់ពួកគេឡើងវិញ ពោលគឺ០៣ថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បិទបញ្ចប់គោលនយោបាយអន្តោប្រវេសន៍ គ្មានការអត់ឱនរបស់លោក៕