(ម៉ូស្គូ)៖ ទោះបីជាភាពតានតឹងជាមួយកូរ៉េខាងជើង បានធូរស្រាលក៏ដោយ ក៏សហរដ្ឋអាមេរិកមិនទាន់បោះបង់ចោល «កម្មវិធីបណ្ដុះបណ្ដាលការប្រយុទ្ធនៅតាមផ្លូវក្រោមដី» របស់ខ្លួន ដែលត្រូវចំណាយប្រាក់ច្រើនជាងកន្លះពាន់លានដុល្លារនៅឡើយដែរ។ នេះបើតាមគេហទំព័រ Military.com ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។
យោងតាម Military.com ជាធម្មតាបរិក្ខាសម្រាប់ពិសេសសម្រាប់ផ្លូវប្រយុទ្ធរូងក្រោមដី មានតម្លៃថ្លៃកប់ពពក។ ឧទាហរណ៍គ្រាន់តែឧបករណ៍សម្រាប់ទ្រទ្រង់ការដកដង្ហើមក្នុងមួយឈុតមានតម្លៃ ១៣,០០០ដុល្លារ ហើយកាស់ទំនាក់ទំនងមួយថ្លៃ ១០,០០០ដុល្លារ ឯណោះ។ ដូច្នេះគិតជាសរុប កម្មវិធីបណ្ដុះបណ្ដាលប្រយុទ្ធផ្លូវរូងក្រោមដី អាចនឹងត្រូវចំណាយលុយទាំងគីបៗ រហូតដល់ទៅ ៥៧២លានដុល្លារ។
ដោយឡែកទស្សនាវាដ្ដី Vanity Fair ក៏បានឱ្យដឹងដែរថា ទីក្រុងធំដូចជាញូយ៉ក ឡុងដ៍ និងទីក្រុងម៉ូស្គូ សុទ្ធតែមានផ្លូវរូងក្រោមដីចំងាយរាប់រយគីឡូម៉ែត្រ។ ពោលគឺគ្រាន់តែទីក្រុងញូយ៉កតែមួយ មានប្រព័ន្ធផ្លូវក្រោមដីចំងាយ ៤៤៣ម៉ៃល៍ ឬប្រហែល ៧១២គីឡូម៉ែត្រ ហើយនេះមិនទាន់រាប់បញ្ចូលប្រព័ន្ធផ្លូវក្រោមដីដូចជាលូ ផ្លូវដើរ និងផ្លូវក្រោមដីដទៃទៀត ដែលគេកំពុងប្រើប្រាស់ ឬបោះបង់ចោលផង។
គួរបញ្ជាក់ថា កងទ័ពអាមេរិកមិនបានទទួលស្គាល់ថា កម្មវិធីបណ្ដុះបណ្ដាលប្រយុទ្ធផ្លូវរូងក្រោមដីនេះ មានគោលដៅប្រយុទ្ធប្រឆាំងនឹង ចិន រុស្ស៊ី ឬក៏កូរ៉េខាងជើង នៅក្នុងករណីមានសង្រ្គាមផ្លូវក្រោមដីនោះទេ។ ប៉ុន្តែបើគេចាំមិនភ្លេចទេ អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ដូណាល់ រាំស្វែលដ៍ (Donald Rumsfeld) ធ្លាប់បានហៅកូរ៉េខាងជើងថា ជាប្រទេសលំដាប់ពិភពលោកមួយខាងផ្លូវក្រោមដី ខណៈក្រុមអ្នកជំនាញខ្លះថា ទីក្រុងព្យុងយ៉ាងមានផ្លូវរូងក្រោមដីជាង ៥,០០០កន្លែង។
បន្ថែមពីលើនេះ កាលពីឆ្នាំ២០១៧ ពោលឺនៅចំពេលមានភាពតានតឹងផ្នែកជាមួយកូរ៉េខាងជើង យោធាអាមេរិកបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលការប្រយុទ្ធផ្លូវក្រោមដីនេះកាន់តែខ្លាំង ទុកបង្ការពេលសង្រ្គាមផ្ទុះឡើងនៅថ្ងៃណាមួយ៕