(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថា មនុស្ស ០៥នាក់ ត្រូវបានសម្លាប់នៅល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅឯទីស្នាក់ការសារព័ត៌មាន កាសែតកាពីតូល (Capital Gazette) ក្នុងទីក្រុង អាន់ណាប៉ូលីស (Annapolis) នៃរដ្ឋ ម៉ារីឡេនដ៍ (Maryland)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមប៉ូលិសអាមេរិក មនុស្ស០៣នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ រីឯជនសង្ស័យស្បែកសម្នាក់មានអាយុប្រហែល ៣០ឆ្នាំ ត្រូវប៉ូលិសចាប់ខ្លួនហើយមនុស្សជាង ១៧០នាក់ ត្រូវបានគេជម្លៀសចេញពីអគារស្នាក់ការកាសែតខាងលើ ទៅកាន់កន្លែងមួយសុវត្ថិភាព។ ប៉ុន្តែភ្លាមៗមិនទាន់មានការអះអាងណាមួយ ពាក់ព័ន្ធនឹងមូលហេតុនៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ ដោយគ្រាន់តែប៉ូលិសបញ្ជាក់ថា ការបាញ់ប្រហារនេះ គឺជាការវាយប្រហារមានគោលដៅច្បាស់លាស់ ដោយមានសារព្រមានមួយផ្ញើទៅកាសែត Capital Gazette មុនករណីបាញ់ប្រហារនេះកើតឡើង។
គួរបញ្ជាក់ថា នៅពេលត្រូវចាប់ខ្លួន ជនសង្ស័យបានបដិសេធសហការជាមួយអាជ្ញាធរដោយរូបគេបានបំផ្លាញម្រាមដៃរបស់ខ្លួន ដើម្បីគេចវេសពីការបញ្ជាក់អត្តសញ្ញាណ ខណៈប៉ូលិសជឿជាក់ថា ជនសង្ស័យរូបនេះធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។ ចំណែកឯ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានចូលរួមសម្ដែងមរណៈទុក្ខដល់ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះផងដែរ៕