(កាណាដា)៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី គ្រីស្ទា ហ្វ្រីឡេនដ៍ (Chrystia Freeland) នឹងប្រកាសពីការសម្រេចចិត្តចុងក្រោយ របស់រដ្ឋាភិបាលលោកស្រីក្នុងពេលឆាប់ៗនេះ ស្ដីពីការចាត់វិធានការសងសឹក នឹងការដំឡើងពន្ធពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
លោកស្រី Freeland ត្រូវបានគេរំពឹងថា នឹងបង្ហាញពីបញ្ជីឈ្មោះផលិតផលអាមេរិក ដែលនឹងត្រូវជាប់កាតព្វកិច្ចដំឡើងពន្ធ ១០ភាគរយ ចាប់ពីថ្ងៃទី០១ ខែកក្កដាតទៅ។ ការដំឡើងពន្ធនេះ គឺជាផ្នែកមួយនៃការចាត់វិធានាការឆ្លើយតប គិតជាទឹកប្រាក់ប្រមាណជា ១២ពាន់លានដុល្លារ លើការនាំចូលដែក អាលុយមីញ៉ូម និងផលិតផលដទៃទៀតពីសហរដ្ឋអាមេរិក ជាការសងសឹកនឹងការដំឡើងពន្ធ ២៥ភាគរយលើដែក និង១០ភាគរយលើអាលុយមីញ៉ូម ដែលនាំចូលពីកាណាដា ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា ទន្ទឹមគ្នាគំរោងប្រកាសពីការដំឡើងពន្ធនេះ រដ្ឋាភិបាលសហព័ន្ធកាណាដាក៏បាន និងកំពុងប្រឹក្សាយោបល់លើបញ្ជីឈ្មោះ ផលិតផលអាមេរិក ដែលត្រូវដំឡើងពន្ធផងដែរក្នុងនោះមានដូចជា ស្រាវីស្គី សូកូឡា ភីហ្សា និងម៉ូទ័រទូកជាដើម៕