(វ៉ាស៊ីនតោន)៖ ក្រុមអ្នកតវ៉ាប្រមាណជាង ៦០០នាក់ ដោយភាគច្រើនជាស្រ្តី ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន នៅអំឡុងការបាតុកម្មប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍ ដែលពុំមានការអត់ឱន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯអគារព្រឹទ្ធសភាអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក កម្លាំងប៉ូលិសប្រចាំវិមានកាពីតូល (Capitol) បានធ្វើការចាប់ឃុំខ្លួនមនុស្សចំនួន ៥៧៥នាក់ ហើយចោទប្រកាន់ពីបទធ្វើសកម្មភាពប្រឆាំងតវ៉ាដែលផ្ទុយពីច្បាប់។ ដោយឡែកក្រុមអ្នករៀបចំការតវ៉ានេះវិញ បានប៉ាន់ប្រមាណចំនួនមនុស្សដែលត្រូវបានឃាត់ខ្លួនថា គឺប្រហែល ៦៥០នាក់។ ម៉្យាងវិញទៀតនៅថ្ងៃសៅរ៍សប្តាហ៍នេះ ការធ្វើបាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេស ក៏ត្រូវបានគ្រោងនឹងធ្វើឡើងផងដែរ ដើម្បីសម្តែងការប្រឆាំងនឹងនយោបាយអន្តប្រវេសន៍របស់លោក ដូណាល់ ត្រាំ។
គួរជម្រាបថា នៅក្រោមគោលនយោបាយគ្មានការអត់ឱនរបស់លោក ត្រាំ ក្មេងៗជាង ២,០០០នាក់ ត្រូវបានបំបែកចេញពីក្រុមគ្រួសាររបស់ពួកគេ ដែលបានលួចចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក ដោយខុសច្បាប់ ខណៈនយោបាយនេះ បានបង្កឲ្យផ្ទុះការរិះគន់ទាំងនៅក្នុងស្រុក និងពីសំណាក់អន្តរជាតិ រហូតបង្ខំឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ផ្អាកការអនុវត្តមួយរយៈ ប៉ុន្តែស្ថានការណ៍នៅតែមិនទាន់ចុះត្រជាក់នោះឡើយ៕