(បាងកក)៖ ក្រុមអ្នកជួយសង្រ្គោះថៃមួយក្រុម បានរកឃើញប្រហោងផ្លូវមួយដ៏សំខាន់ នៅក្នុងប្រតិបត្តិការតាមស្វែងរក និងជួយសង្រ្គោះកីឡាករវ័យក្មេង ១២នាក់ និងគ្រូបង្វឹករបស់ពួកគេម្នាក់ដែលបានបាត់ខ្លួន នៅក្នុងរូងភ្នំថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើងនៃខេត្ត ឈៀងរ៉ៃ (Chiang Rai) តាំងតែពីថ្ងៃសៅរ៍សប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
ក្រុមអ្នកជួយសង្រ្គោះបានចូលទៅក្នុង ច្រករូងផ្លូវខាងលើក្នុងជម្រៅ ១១ម៉ែត្រ មុននឹងគេជឿជាក់ថា ពួកគេនឹងត្រូវមុជទឹកបន្តនៅជម្រៅ ១១ម៉ែត្របន្ថែមទៀត។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ នោះគឺការរកឃើញប្រហោងផ្លូវនេះ កំពុងផ្ដល់ក្ដីសង្ឃឹមថា ក្រុមអ្នកជួយសង្រ្គោះអាចនឹងរកឃើញផ្លូវចូលទៅដល់ទីតាំង ដែលអ្នកទាំង ១៣នាក់ កំពុងជាប់គាំង ខណៈក្រុមអ្នកជំនាញមកពីសហរដ្ឋអាមេរិក អង់គ្លេស និងចិន កំពុងជួយដល់ប្រតិបត្តិការជួយសង្រ្គោះ។
គួរបញ្ជាក់ថា ក្មេងជំទង់ ១២នាក់ ដែលជាកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា (Mu Pa Academy) និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ម្នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង តាំងតែពីថ្ងៃសៅរ៍សប្តាហ៍មុនមកម្ល៉េះ រីឯក្រុមអ្នកជួយសង្រ្គោះជឿជាក់ថា អ្នកទាំងនេះកំពុងជាប់នៅក្នុងរូងភ្នំ ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើងនៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជារូងភ្នំ វែងជាងគេបំផុតទី០៤ របស់ថៃ។ ក្មេងទាំងនេះមានអាយុចន្លោះពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ ហើយគ្រូបង្វឹកបាល់ទាត់របស់ពួកគេមានអាយុ ២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា មិនអាចចាកចេញពីរូងភ្នំនេះបានឡើយ នៅមុនពេលមានទឹកជន់លិច ដោយសារតែភ្លៀងធ្លាក់ខ្លាំង ។
លើសពីនេះទៅទៀត បើតាមប្រវត្តិនៃរូបភាពរបស់ក្រុមក្មេងៗកីឡាករទាំងនោះ គឺពួកគេធ្លាប់ទៅកាន់ទីនោះកាលពីចុងឆ្នាំ២០១៦ ផងដែរ។ បើតាមសារព័ត៌មានថៃ រហូតមកទល់នឹងយប់ថ្ងៃព្រហស្បតិ៍នេះ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តដដែល ហើយមិនទាន់មានតម្រុយអ្វីគួរឲ្យកត់សម្គាល់នោះឡើយ ដោយគ្រាន់តែក្រុមសង្គ្រោះ បានឃើញដានជើងមនុស្សមួយ ដែលគេជឿជាក់ថា ជាសមាជិកមួយក្នុងចំណោម ១៣នាក់៕