(អេក្វាឌ័រ)៖ តុលាការអេក្វាឌ័រនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បានចេញដីកាឃាត់ខ្លួនអតីតប្រធានាធិបតីលោក រ៉ាហ្វាអែល ខូរៀ (Rafael Correa) ដែលកំពុងរស់នៅជ្រកកោនក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ពីបទមានជាប់ពាក់ព័ន្ធនឹងការចាប់ពង្រត់ គូប្រជែងរបស់ខ្លួនម្នាក់នៅក្នុងប្រទេសកូឡុំប៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។
លោក Correa ដែលធ្លាប់កាន់ដំណែងជាប្រធានាធិបតីអេក្វាឌ័រពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧ ហើយបច្ចុប្បន្នលោកកំពុងរស់នៅក្នុង ទីក្រុងព្រុចសែលប្រទេសប៊ែលហ្សិក ដែលជាប្រទេសកំណើតភរិយារបស់លោក កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ទាក់ទិននឹងការចាប់ពង្រត់អតីតសមាជិកសភាម្នាក់ លោក ហ្វែរណាន់ដូ បាលដា (Fernando Balda) កាលពីឆ្នាំ២០១២។
ម្យ៉ាងវិញទៀតការចេញដីកាចាប់ខ្លួន និងជូនដំណឹងដល់ប៉ូលិសអាំងទែប៉ូល (Interpol) របស់តុលាការអេក្វាឌ័រនៅពេលនេះ ធ្វើឡើងមួយខែបន្ទាប់ពីតុលាការធ្លាប់បានបញ្ជាឱ្យលោក Correa បង្ហាញខ្លួនក្នុងសវនាការរៀងរាល់ពីរសប្ដាហ៍ម្ដង ដើម្បីចូលរួមក្នុងការស៊ើបអង្កេត។
គួរបញ្ជាក់ថា ប៉ូលិសសម្ងាត់អេក្វាឌ័របីនាក់ ដែលមានជាប់ក្នុងករណីនេះ ក៏ត្រូវបានបង្គាប់ឱ្យចាប់ខ្លួនផងដែរ ខណៈអតីតមេបញ្ជាការប៉ូលិសម្នាក់ និងអតីតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កំពូលម្នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរកាលពីខែមុន ក្នុងប្រទេសអេស្ប៉ាញ។ ប៉ុន្តែលោក ខូរៀ (Correa) ច្រានចោលរាល់ការចោទប្រកាន់ ហើយថា លោកមិនបានដឹងអ្វីទាំងអស់ថា អ្នកទាំងនេះមានជាប់ពាក់ព័ន្ធនឹងរូប លោក ឬក៏ជាមួយអ្នកដទៃ៕