(អាមេរិក)៖ ប្រជាជនអាមេរិករាប់រយលាននាក់ កំពុងត្រៀមខ្លួនអបអរសាទរទិវាជាតិ ០៤ កក្កដា ខួបលើកទី ២៤២ នៅក្នុងប្រទេសរបស់ពួកគេ ប៉ុន្តែតើអ្នកដឹងទេថាទិវានេះ គេប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីអ្វី ហើយតើអ្វីទៅជាថ្ងៃបុណ្យឯករាជ្យនៅសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Express នៅរសៀលថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។
ថ្ងៃបុណ្យឯករាជ្យ ឬក៏ទិវាជាតិ ០៤ កក្កដា គឺជាថ្ងៃឈប់សម្រាកទូទាំងសហរដ្ឋអាមេរិក ដើម្បីអបអរថ្ងៃប្រកាសឯករាជ្យ នៃមហាអំណាចមួយនេះ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៧៧៦។ កាលពីជាង ២៤០ឆ្នាំមុននេះ ក្រុមចំណុះអាមេរិកទាំង ១៣ បានប្រកាសខ្លួនជាប្រជាជាតិឯករាជ្យមួយហៅថា សហរដ្ឋអាមេរិក ដែលវាមានន័យថា ក្រុមទាំងនោះ លែងស្ថិតក្រោមនឹមអាណានិគម របស់ចក្រភពអង់គ្លេសទៀតហើយ។
ចាប់ពីពេលនោះមក ជារៀងរាល់ថ្ងៃទី០៤ ខែកក្កដា ពិធីអបអរសាទរដែលភាគច្រើន តាមរយៈការបាញ់កាំជ្រួច ការដង្ហែរព្យុហយាត្រា ការអាំងសាច់ដើម្បីពិសាជួបជុំគ្នា និងការលែងកីឡា Baseball ជាដើម ត្រូវបានប្រារព្ធឡើងជាបន្ត បន្ទាប់។ អ្នកខ្លះទៀតក៏បានអបអរទិវាដ៏វិសេសវិសាលនេះ តាមរយៈការបង្កើតព្រឹត្តិការណ៍បែបសាធារណៈ និងឯកជន ដែលសាទរចំពោះប្រវត្តិសាស្រ្ត រដ្ឋាភិបាល និងប្រពៃណីរបស់ជាតិសាសន៍អាមេរិកផងដែរ។
នាឱកាសនេះ អ្នកនយោបាយអាមេរិក ប្រហែលជាធ្វើការថ្លែងសុន្ទរកថា នៅតាមព្រឹត្តិការណ៍ទាំងនេះ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ ចំពោះបេតិកភណ្ឌ និងប្រជាជននៃប្រទេសរបស់ពួកគេ។ សម្រាប់ពលរដ្ឋអាមេរិកវិញ ជារឿយៗតែងដោតទង់ជាតិអាមេរិក នៅខាងក្រៅផ្ទះ ឬក៏អគាររបស់ពួកគេ។ ចំណែកឯរូបសំណាកនៃស្រ្តីតំណាងឲ្យសេរីភាព (Statue of Liberty) វិញនោះ ក៏ជារូបសំណាកជាតិមួយ ដែលទាក់ទិនទៅនឹងថ្ងៃបុណ្យឯករាជ្យផងដែរ។
ទិវា ០៤ កក្កដា គឺជាបុណ្យឈប់សម្រាប់ជាតិនៅសហរដ្ឋអាមេរិក ដូច្នេះហើយ ប្រសិនបើទិវានេះត្រូវចំថ្ងៃសៅរ៍ ការអបអរនឹងចាប់ផ្តើមនៅថ្ងៃសុក្រ គឺថ្ងៃទី០៣ ខែកក្កដា ដែលអនុញ្ញាតឲ្យបុគ្គលិកឈប់សម្រាកបានមួយថ្ងៃមុន។ ប៉ុន្តែបើចំថ្ងៃអាទិត្យ ប្រជាជនអាមេរិក នឹងប្រារព្ធព្រឹត្តិការណ៍អបអរសាទរនៅថ្ងៃចន្ទ ទី០៥វិញ។ សម្រាប់ឆ្នាំនេះ ទិវាឯករាជ្យអាមេរិក ត្រូវចំថ្ងៃពុធសប្តាហ៍នេះ។ សាលា និងអគាររដ្ឋាភិបាលព្រមទាំងអាជីវកម្មមួយចំនួន តែងតែបិទទ្វារឈប់សម្រាកនាថ្ងៃនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងទិវានេះ។
នៅឆ្នាំ១៧៧៥ អ្នកដែលរស់នៅតំបន់ New England ភាគឦសានអាមេរិក បានចាប់ផ្តើមងើបតស៊ូប្រឆាំង ដើម្បីទាមទារឯករាជ្យពីចក្រភពអង់គ្លេស។ នៅមុនការមកដល់របស់ពួកអឺរ៉ុប ជនជាតិដើមអាមេរិកបានរស់នៅ និងជាម្ចាស់ស្រុកក្នុងប្រទេសនេះ ហើយកុលសម្ព័ន្ធនីមួយៗមានប្រជាជាតិ និងរដ្ឋាភិបាលដាច់ដោយឡែករៀងៗខ្លួន។
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៧៧៦ សភានៃក្រុមចំណុះអាមេរិកទាំង ១៣ បានបោះឆ្នោតជាសម្ងាត់ ដើម្បីប្រកាសឯករាជ្យពីចក្រភពអង់គ្លេស។ នៅប៉ុន្មានថ្ងៃក្រោយមក ការកែសម្រួលចុងក្រោយនៃសេចក្តីប្រកាសឯករាជ្យនេះ ត្រូវបានអនុម័ត និងចេញផ្សាយជាសាធារណៈ។ ជុំវិញរឿងនេះ លោក John Adams ដែលក្រោមមក បានក្លាយជាប្រធានាធិបតីទីពីររបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោក George Washington បានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់ភរិយារបស់លោក គឺលោកស្រី Abigail នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៧៧៦ ដោយភ្ជាប់ជាមួយការណែនាំអំពីរបៀបរៀបចំការអបអរទិវានេះ ដែលរួមមានដូចជា ការដង្ហែរព្យុហយាត្រា ការលែងល្បែងនិងកីឡា និងការបាញ់កាំជ្រួចជាដើម។
គួរជម្រាបថា យ៉ាងណាមិញពាក្យថា «ថ្ងៃបុណ្យឯករាជ្យ» ពុំត្រូវបានប្រើប្រាស់ឡើយរហូតទាល់តែដល់ឆ្នាំ១៧៩១៕