(ចិន)៖ ការកើនឡើងនូវការប្រើប្រាស់ទំនិញ ក៏ដូចជាសេវាកម្ម ដែលផ្គត់ផ្គង់ដោយវិស័យព័ត៌មានវិទ្យា កំពុងត្រូវបានគេចាត់ទុកថា ជាកម្លាំងជំរុញមួយ សម្រាប់ការផ្លាស់ប្តូរ នៃសេដ្ឋកិច្ចចិន។
បើយោងតាមទិន្នន័យចុងក្រោយបំផុតមួយ របស់ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន នៅក្នុងរយៈពេល៥ខែដើម ឆ្នាំ២០១៨នេះ លំហូរទិន្នន័យអ៊ីនធើណេតចល័តសរុប បានឈានដល់ចំនួន២១ពាន់លានជីហ្កាបៃ ។ ក្នុងនោះ លំហូរទិន្នន័យចំនួន២០.៦ពាន់លានជីហ្កាបៃ បានកើតចេញពីទូរស័ព្ទដៃ។ លំហូរទិន្នន័យអ៊ីនធើណេតចល័ត សរុបក្នុងរយៈពេលនេះ បានកើនឡើង១៩៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯលំហូរទិន្នន័យដែលកើតចេញពីទូរស័ព្ទដៃវិញ បានកើនឡើង២១២ភាគរយ។
ចាប់ពីខែមករា ដល់ខែឧសភា ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍សំខាន់ៗទាំងបី ក្នុងប្រទេសចិន រួមមានដូចជាក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Unicom និងក្រុមហ៊ុន China Telecom ទទួលបានប្រាក់ចំណូលសរុបជិត៤ម៉ឺនលានដុល្លារអាមេរិក កើនឡើង១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ហ័រ វ័យ អនុប្រធាននាយកដ្ឋាន គោលនយោបាយ និងស្រាវជ្រាវសេដ្ឋកិច្ច នៃបណ្ឌិតសភា ព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ចិន និយាយថា «ក្នុងរយៈពេល៦ខែដើម ឆ្នាំ២០១៨ លំហូរទិន្នន័យចល័តជាមធ្យម គឺមានចំនួនប្រហែល៤ជីហ្កាបៃក្នុង១ខែ។ បើធៀបនឹងឆ្នាំកន្លងទៅ តួលេខនេះគឺកើនឡើងពី២ ទៅ៣ដងឯណោះ។ ការប្រើប្រាស់ព័ត៌មាន និងសេវាកម្មដែលពាក់ព័ន្ធ គឺជាវិធីប្រើប្រាស់ដែលកំពុងលេចធ្លោ។ វាគឺជាវិស័យសេដ្ឋកិច្ចមួយ ដែលមានភាពច្នៃប្រឌិត សកម្ម និងឥទ្ធិពល ហើយវាក៏ជាវិស័យដ៏សំខាន់មួយដែរ សម្រាប់ការពង្រីកតម្រូវការក្នុងស្រុក»។
ផ្នែកខ្លះនៃកំណើននេះ អាចបណ្តាលមកពីការប្តេជ្ញារបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយថ្លៃចំណាយ ទៅលើសេវាអ៊ីនធើណេតសម្រាប់ទូរស័ព្ទ។ បើគិតត្រឹមថ្ងៃទី១ ខែកក្កដា ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ធំៗទាំងបី នឹងលុបចោលការយកកម្រៃសេវារ៉ូមីង (Roaming) ទិន្នន័យក្នុងស្រុក ព្រមទាំងបន្ថយការយកកម្រៃសេវា សម្រាប់ការប្រើអ៊ីនធើណេតតាមផ្ទះ ក៏ដូចជាសេវារ៉ូមីងអន្តរជាតិផងដែរ។ ដោយមានការចំណាយតិចជាងមុន អ្នកប្រើប្រាស់កាន់តែច្រើននាក់ នឹងអាចប្រើអ៊ីនធើណេតបានប្រចាំថ្ងៃហើយ។
ការទិញទំនិញតាមអនឡាញ បានកើនឡើងយ៉ាងគំហុកនាឆ្នាំនេះ ដោយការលក់រាយតាមអនឡាញ ចាប់ពីខែមករាដល់ខែឧសភា បានកើនឡើងជាង៣០ភាគរយ ក្នុងទំហំទឹកប្រាក់៥សែនលានដុល្លារអាមេរិកឯណោះ។
ទម្រង់នៃការប្រើសេវាព័ត៌មានវិទ្យាផ្សេងទៀត ដូចជាការបង់ប្រាក់តាមទូរស័ព្ទ ការមើលវីឌីអូខ្លីៗ និងប្រព័ន្ធផ្សព្វផ្សាយថ្មី ក៏មានកំណើនខ្លាំងក្លាដែរ។
លោក លីវ ពឹនហ្វ៊ូ សាស្ត្រាចារ្យគ្រប់គ្រងនិងសេដ្ឋកិច្ចសង្គម នៅសាកលវិទ្យាល័យបណ្ឌិតសភាវិទ្យាសាស្ត្រចិន បានថ្លែងថា «ការរស់នៅដែលពឹងផ្អែកលើអ៊ីនធើណេត ក្នុងទូរស័ព្ទដៃ បានលេចចេញជារូបរាងហើយ។ ទីក្រុងលំដាប់ទី៣ និងទី៤របស់យើង ឬសូម្បីតែទីជនបទក្តី ក៏មានអំណាចក្នុងការទិញទំនិញ ស្មើនឹងទីក្រុងធំៗដែរ។ គម្លាតផ្នែកឌីជីថលដែលយើងធ្លាប់ជជែកគ្នាកាលពីមុន ក៏កំពុងរួមតូចដែរ។ តួនាទីនៃការប្រើប្រាស់ព័ត៌មានវិទ្យា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កំពុងលេចចេញជារូបរាងកាន់តែច្បាស់ហើយ»។
ផលិតផលថ្មីៗដូចជាប្រព័ន្ធទីក្រុងឆ្លាតវៃ វ៉ែនតានិម្មិត រថយន្តដែលគ្មានអ្នកបើកបរ សម្ភារៈដែលអាចពាក់បាន និងដ្រូន សុទ្ធសឹងតែជាវត្ថុដែលពឹងផ្អែកយ៉ាងខ្លាំង ទៅលើអ៊ីនធើណេតចល័ត។ អ្នកជំនាញនិយាយថា ផលិតផលទាំងនេះ នឹងក្លាយជាផលិតផលដែលរីកចម្រើនក្នុងការប្រើប្រាស់ព័ត៌មានវិទ្យា នៅក្នុងប្រទេសចិន៕ (សារព័ត៌មាន CCTV របស់ចិន)