(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមានជាថ្មីម្ដងទៀតថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមិនទាន់បញ្ចប់ឡើយ ហើយថាគណបក្សកុម្មុយនីស្ដចិនត្រូវតែត្រៀមខ្លួន ដើម្បីប្រឈមមុខនឹងបញ្ហាជាច្រើនទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។
ចាប់តាំងពីបានឡើងកាន់អំណាច អស់រយៈពេលច្រើនជាង ០៦ឆ្នាំមកនេះ លោក ស៊ី បានពង្រឹងអំណាចកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការធ្វើយុទ្ធនាការបង្រ្កាបអំពើពុករលួយ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ ដូចជាអតីតនាយកសន្តិសុខផ្ទៃប្រទេសលោក ចូវ យ៉ុងកាង (Zhou Yongkang) ជាដើមត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ។
ប៉ុន្តែយ៉ាងណា ទោះជាកំពុងមានអំណាចពេញនៅក្នុងដៃក៏ដោយ ក៏ប្រធានាធិបតីចិនរូបនេះនៅតែបញ្ជាក់ថា យុទ្ធនាការប្រឆាំងអំពុករលួយនេះ មិនទាន់បញ្ចប់នោះទេ។ លោក ស៊ី បានលើកឡើង តាមរយៈការស្រង់សម្ដីដោយ ស៊ីនហួរ ដូច្នេះថា «ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ នឹងនៅតែត្រូវធ្វើឡើងជានិច្ច... ដូច្នេះយើងត្រូវតែពង្រឹងស្មារតីរៀបចំត្រៀមខ្លួនឱ្យហើយ ប្រឈមមុខនឹងបញ្ហានៅពេលអនាគត ប្រកបដោយការទទួលខុសត្រូវ»។
គួររំលឹកថា កាលពីខែមីនាកន្លាងទៅ សភាប្រជាជនចិនបានអនុម័តលុបចោលអាណត្តិប្រធានាធិបតីចិន ដែលនេះគឺជាការបើកដៃឱ្យលោក ស៊ី ជិនពីង អាចកាន់អំណាចមិនមានពេលកំណត់ និងក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលបំផុត បន្ទាប់ពីអតីតប្រធានាធិបតីចិន លោក ម៉ៅ សេទុង៕