(វ៉ាស៊ីនតោន)៖ ថ្លែងក្នុងឱកាសប្រារព្ធខួបទី ២៤២ នៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ចេញពីសេតវិមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការកោតសរសើរ និងស្ញប់ស្ញែងចំពោះកងកម្លាំងយោធា ដែលបានពលី និងខិតខំការពារសិទ្ធិសេរីភាព នៃប្រទេសជាតិរបស់ពួកគេនាពេលកន្លងមកនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ បានថ្លែងយ៉ាងដូច្នេះថា «អរគុណអ្នកទាំងអស់គ្នា ដែលបានរក្សាការពារអាមេរិក ឲ្យមានសុវត្ថិភាព និងរឹងមាំ ព្រមទាំងមានមោទនភាព និងអង់អាច ហើយមានសេរីភាព។ សូមព្រះប្រទានពរដល់អ្នកទាំងអស់គ្នា, សូមព្រះប្រទានពរដល់យោធារបស់យើង, និងសូមឲ្យព្រះជាម្ចាស់ប្រទានពរដល់សហរដ្ឋអាមេរិកទាំងមូល។ រីករាយទិវាជាតិ០៤ កក្កដា»។
លោក ត្រាំ បានបន្ថែមទៀតថា សេរីភាពរបស់អាមេរិក គឺបានមកពីការបង្ហូរញើស-ឈាម និងពលីរបស់អ្នកស្នេហាជាតិអាមេរិក ដែលបានតស៊ូប្រយុទ្ធនៅលើសមរភូមិ តាំងពីសម័យមុនៗរហូតមកដល់សម័យនេះ។
គួរជម្រាបថា នាឱកាសនោះលោកប្រធានាធិបតីអាមេរិក ក៏បានឆ្លៀតថ្លែងពាក់ព័ន្ធនឹងគម្រោងមហិច្ឆតារបស់លោកផ្ទាល់ ស្តីពីការបង្កើតកងអង្គភាពថ្មីនៅក្នុងជួរកម្លាំងប្រដាប់អាវុធអាមេរិកផងដែរ គឺកងទ័ពនៅទីអវកាស ដោយលោកបានអះអាងថា វានឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខ។
ថ្ងៃបុណ្យឯករាជ្យ ឬក៏ទិវាជាតិ ០៤ កក្កដា គឺជាថ្ងៃឈប់សម្រាកទូទាំងសហរដ្ឋអាមេរិក ដើម្បីអបអរថ្ងៃប្រកាសឯករាជ្យ នៃមហាអំណាចមួយនេះ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៧៧៦។ កាលពីជាង ២៤០ឆ្នាំមុននេះ ក្រុមចំណុះអាមេរិកទាំង ១៣ បានប្រកាសខ្លួនជាប្រជាជាតិឯករាជ្យមួយហៅថា សហរដ្ឋអាមេរិក ដែលវាមានន័យថា ក្រុមទាំងនោះ លែងស្ថិតក្រោមនឹមអាណានិគម របស់ចក្រភពអង់គ្លេសទៀតហើយ៕