(ហូជីមីញ)៖ អាជ្ញាធរសុខាភិបាលវៀតណាម បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការធ្វើតេស្ដផ្នែកវេជ្ជសាស្ត្ររបស់វិទ្យាស្ថាន Pasteur ក្នុងទីក្រុង ហូជីមិញ (Ho Chi Minh) លើបុរសម្នាក់អាយុ ៦៩ឆ្នាំ ដែលបានស្លាប់កាលពីថ្ងៃទី៣០ ខែមិថុនាបង្ហាញថា រូបគេបានឆ្លងជំងឺផ្ដាសាយជ្រូក H1N1។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។
បុរសដែលបានស្លាប់ខាងលើនេះ គឺជាអ្នករស់នៅក្នុងខេត្ត កាម៉ូ (Ca Mau) ភាគខាងត្បូងប្រទេសវៀតណាម ហើយរូបគេក៏បានក្លាយជាមនុស្ស ទី០៤ស្លាប់ដោយសារវីរុសនេះផងដែរ នៅឯតំបន់ភាគខាងត្បូងក្នុងឆ្នាំ២០១៨នេះ។ ពោលគឺកាលពីខែមុន មន្ទីរពេទ្យ ទូដូ (Tu Du) នៃទីក្រុង Ho Chi Minh បានរាយការណ៍មានមនុស្ស ២៨នាក់ សង្ស័យថាបានឆ្លង H1N1 តែមាន ១៦នាក់ ត្រូវបានគេទទួលស្គាល់ថា បានឆ្លងវីរុស និងបីនាក់បានបាត់បង់ជីវិត។
គួរជម្រាបថា កាលពីឆ្នាំ២០០៩ អាជ្ញាធាសុខាភិបាលវៀតណាមបានអះអាងថា ករណីឆ្លងវីរុស H1N1 មានរហូតដល់ ៩,០០០ករណី ហើយមនុស្ស ២០នាក់ បានស្លាប់៕