(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាបានស្នើយ៉ាងទទូចឲ្យក្រុមហ៊ុនផ្តល់សេវាផ្ញើសារទំនាក់ទំនង WhatsApp ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការចែកចាយសារយ៉ាងក្តៅគគុកនៅលើកម្មវិធីរបស់ខ្លួន ដែលនាពេលកន្លងមកនេះ បានបង្កឲ្យមានផ្ទុះករណីហិង្សាអាក្រក់ជាបន្តបន្ទាប់កើតមានឡើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។
សំណើខាងលើត្រូវបានធ្វើឡើង នៅចំពោះមុខការផ្ទុះករណីហិង្សាយ៉ាងអាក្រក់ៗជាច្រើន ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងតិច១៧នាក់ នៅទូទាំងប្រទេសឥណ្ឌា ក្នុងរយៈពេល០៣ខែកន្លងទៅនេះ។ អំពើហិង្សាទាំងអស់នេះ ត្រូវបានទម្លាក់កំហុសទៅលើពាក្យចចាមអារ៉ាមទាក់ទិននឹងការចាប់ជំរិតកុមារ ដែលត្រូវបានចែកចាយយ៉ាងភ្លូកទឹកភ្លូកដី នៅលើបណ្តាញ WhatsApp ដែលឈានរហូតដល់មានការព្រួតគ្នាប្រើហិង្សាធ្ងន់ធ្ងន់ទៅលើជនប្លែកមុខជាដើម។
ចំណែកប៉ូលិសឥណ្ឌាវិញ បានឲ្យដឹងថា វាពិតជាពិបាកខ្លាំងណាស់ ដើម្បីបញ្ចុះបញ្ចូលឲ្យប្រជាជនជឿថា សារដែលត្រូវបានចែកចាយព្រោងព្រាតទាំងនោះគឺជារឿងមិនពិត។ ករណីហិង្សាចុងក្រោយបំផុតមួយ បានកើតមាននៅឡើងនៅរដ្ឋទ្រីពូរ៉ា (Tripura) ភាគឦសានប្រទេស ដោយជនរងគ្រោះ គឺជាបុរសម្នាក់ដែលត្រូវរដ្ឋាភិបាលថ្នាក់តំបន់ជួល ឲ្យដើរឃោសនានៅតាមភូមិ ដើម្បីស្នើកុំឲ្យប្រជាជននៅក្នុងតំបន់ទាំងនោះ មានការជឿលង់នូវពាក្យចចាមអារ៉ាម ដែលត្រូវបានចែកចាយនៅលើបណ្តាសង្គម។
ជុំវិញករណីហិង្សាដែលមិនអាចគ្រប់គ្រងបាននេះ រដ្ឋាភិបាលឥណ្ឌា បានលើកឡើងថា ក្រុមហ៊ុន WhatsApp ពុំអាចគេចវែសពីការទទួលខុសត្រូវ សម្រាប់ព័ត៌មានដែលអ្នកប្រើប្រាស់របស់ខ្លួន កំពុងចែករំលែកបានឡើយ។ សម្រាប់បញ្ហានេះ WhatsApp បានឆ្លើយតបប្រាប់រដ្ឋាភិបាលឥណ្ឌាថា ខ្លួនពិតជាមានក្តីរន្ធត់ជាខ្លាំងដោយសារអំពើហិង្សាដ៏អាក្រក់ទាំងនេះ និងបានចាត់ទុកស្ថានការណ៍នេះថា ជាបញ្ហាប្រឈមដ៏លំបាកមួយ ដែលត្រូវការការសហការពីសំណាក់រដ្ឋាភិបាល អង្គការ-សង្គមស៊ីវិល និងក្រុមហ៊ុនបច្ចេកវិទ្យានានា។
គួរជម្រាបថា ជាមួយចំនួនអ្នកប្រើប្រាស់អ៊ីនធើណែតប្រហែល២០០លាននាក់ ឥណ្ឌាគឺជាទីផ្សារធំជាងគេបង្អស់របស់ WhatsApp ហើយបណ្តាញសង្គមនេះ ក៏ជាក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនង ដែលផ្អែកលើប្រព័ន្ធអ៊ីនធើណែតធំបំផុតតែមួយគត់ សម្រាប់ប្រជាជននៅក្នុងប្រទេសឥណ្ឌាផងដែរ។ ម៉្យាងវិញទៀត ដោយសារតែ WhatsApp ផ្តោតសំខាន់ទៅលើកម្មវិធីផ្ញើសារលក្ខណៈឯកជនផ្ទាល់ខ្លួន អ្នកប្រើប្រាស់ភាគច្រើន តែមានការជឿជាក់ខ្ពស់ទៅលើព័ត៌មានដែលពួកគេទទួលបានតាមរយៈវា ហើយពីដោយហេតុតែព័ត៌មានទាំងនោះ ត្រូវបានចែកចាយមកាន់ពួកគេ ដោយក្រុមគ្រួសារនិងមិត្តភក្តិ ការត្រួតពិនិត្យនិងគិតគូរពិចារណាឲ្យបានវែងឆ្ងាយគឺមានភាគរយទាបខ្លាំង៕