(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែលើកឡើងជាច្រើនដង ពីគំនិតប្រើប្រាស់កម្លាំងយោធា ឈ្លានពានប្រទេសវេណេស៊ុយអេឡា កាលពីឆ្នាំ២០១៧ បើទោះជាមានការជំទាស់ ពីមនុស្សជំនិតរបស់លោកក៏ដោយ។ នេះបើរបាយការណ៍ ថ្មីមួយដកស្រង់សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នាពេលថ្មីៗកន្លងទៅនេះ នៅខែសីហា ឆ្នាំ២០១៧ លោក ត្រាំ បានបើកកិច្ចប្រជុំមួយនៅសេតវិមាន ដើម្បីពិភាក្សាពីការដាក់ទណ្ឌកម្មថ្មីនានា ប្រឆាំងនឹងរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ។ ប៉ុន្តែនៅពេលជិតបញ្ចប់កិច្ចប្រជុំ ប្រធានាធិបតីអាមេរិករូបនេះ បានធ្វើឱ្យទីប្រឹក្សារបស់ខ្លួនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយលោកបានចោទសួរថា ហេតុអ្វីបានជាសហរដ្ឋអាមេរិក មិនប្រើកម្លាំងយោធាឈ្លានពាន វេណេស៊ុយអេឡា។
បន្ថែមពីលើនេះ របាយការណ៍ដដែលបានឱ្យដឹងទៀតថា លោក ត្រំា បានស្នើឱ្យមានការធ្វើអន្តរាគមន៍យោធាក្រោមលេសថា នយោបាយ និងវិបត្តិសេដ្ឋកិច្ចរបស់វេណេស៊ុយអេឡា គឺជាការគំរាមកំហែងដល់តំបន់ទាំងមូល។ អន្តរាគមន៍យោធានេះ គឺមានបំណង សំខាន់ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ឲ្យរលំរលាយតែម្ដង។ តែយ៉ាងណាក៏ដោយ អតីតទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក ម៉ាក ម៉ាស្ទឺរ (HR McMaster) និងអតីតរដ្ឋមន្ត្រីការបរទេស លោក រិច ធីល្លឺសុន ក៏បានព្យាយាមចេញមុខបញ្ចុះបញ្ចូលលោក ត្រាំ ឱ្យបោះបង់ចោលគំនិតនេះដែរ ។
លោក McMaster និងលោក ធីល្លឺសុន យល់ថា ការប្រើប្រាស់កម្លាំងយោធាលើវេណេស៊ុយអេឡា អាចនឹងធ្វើឱ្យប៉ះពាល់ដល់ ប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដែលកំពុងចូលរួមជាមួយសហរដ្ឋអាមេរិកដាក់សម្ពាធ និងទណ្ឌកម្មលើលោក ម៉ាឌូរ៉ូ។ ម្យ៉ាងវិញទៀត បើតាម AP ការជំទាស់នេះឯងទំនងជាមូលហេតុ ដែលលោក ត្រាំ បណ្ដេញអ្នកទាំងពីរចេញពីតំណែង។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ខាងលើ លោក ដូណាល់ ត្រំា កំពុងពិចារណាប្រើប្រាស់គំរូឈ្លានពានប្រទេស ប៉ាណាម៉ា (Panama) និង ប្រទេសដីកោះ ហ្គ្រេនណាដា (Grenada) ក្នុងអំឡុងឆ្នាំ១៩៨០ ជាជម្រើសដោះស្រាយជាមួយវេណេស៊ុយអេឡា។
សហរដ្ឋអាមេរិកនៅចន្លោះពីឆ្នាំ១៨៩៨ ដល់ ឆ្នាំ១៩៩៤ ធ្លាប់បានប្រើប្រាស់កម្លាំងយោធាឈ្លានពានប្រទេសនៅក្នុងតំបន់អាមេរិកឡាទីនចំនួន៤១លើក ក្នុងនោះរួមមានទាំង អន្តរ គមន៍យោធាដោយផ្ទាល់លើប្រទេសគុយបា ហ្កាតេម៉ាឡា និងប៉ាណាម៉ា រួមទាំង Grenada៕