(ចិន)៖ ប្រជាពលរដ្ឋនៅទីក្រុងសៀងហៃ បានសម្តែងអារម្មណ៍សប្បាយចិត្ត ចំពោះព័ត៌មានដែលផ្សាយថា ពន្ធលើទំនិញនាំចូលប្រហែល១៥០០ប្រភេទ ត្រូវបានកាត់បន្ថយពីអត្រា១៥.៧ភាគរយ មកសល់ត្រឹម៦.៩ភាគរយវិញ។
ពន្ធនាំចូលលើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដូចជាម៉ាស៊ីនបោកគក់ និងទូទឹកកក បានកាត់បន្ថយច្រើនជាងគេ គឺបន្ថយពីប្រហែល២០% មកសល់ត្រឹម៨%វិញ។ ហើយការនាំចូលគ្រឿងសំអាងបរទេសឥឡូវនេះ ក៏ជាប់ពន្ធនាំចូលមិនដល់៣%ផង។
ប្រជាពលរដ្ឋនៅសៀងហៃ បានសម្តែងអារម្មណ៍សប្បាយចិត្តចំពោះដំណឹងនេះ ដែលធ្វើឱ្យពួកគាត់មានទឹកចិត្តចង់ទិញទំនិញបន្ថែមទៀត។
ប្រជាពលរដ្ឋក្រុងសៀងហៃម្នាក់និយាយថា «ពន្ធនាំចូលថោកជាងមុន គឺដូចជាការបញ្ចុះតម្លៃទៅហើយ។ ដូច្នេះយើងស្រួលទិញឥវ៉ាន់ជាង»។
ប្រជាពលរដ្ឋក្រុងសៀងហៃម្នាក់ទៀតនិយាយថា «ខ្ញុំនឹងទិញឥវ៉ាន់ខ្លះ។ ការកាត់បន្ថយពន្ធនាំចូល ជួយឲ្យខ្ញុំអាចទិញទំនិញនាំចូលល្អៗក្នុងតម្លៃសមរម្យ»។
ប្រជាពលរដ្ឋក្រុងសៀងហៃម្នាក់ផ្សេងទៀត និយាយថា «ប្រសិនបើតម្លៃទំនិញចុះថោក ខ្ញុំច្បាស់ជាទិញហើយ។ ជាធម្មតាទំនិញនាំចូលមានតម្លៃថ្លៃខ្លាំង ដូច្នេះបើវាចុះថោក វានឹងមានគេចង់ទិញច្រើននាក់»។
លទ្ធផលស្ទង់មតិដោយក្រសួងពាណិជ្ជកម្មចិន បានបង្ហាញថា ៣១ភាគរយនៃពលរដ្ឋចិន មានគម្រោងចាយលុយបន្ថែម ទៅលើផលិតផលនាំចូល ក្រោយពីមានការកាត់បន្ថយពន្ធនាំចូលនេះ។ គ្រឿងសំអាង គ្រឿងអលង្ការ និងផលិតផលទារក សុទ្ធតែជាផលិតផលដែលគេនាំចូលច្រើន។ ការកាត់បន្ថយពន្ធនាំចូលទាំងនេះ ក៏ត្រូវបានគេរំពឹងទុកផងដែរថានឹងផ្តល់ទំនុកចិត្ត កាន់តែច្រើនដល់អ្នកលក់រាយ។
លោក ថូម៉ាស់ អ៊ូ ប្រធានក្រុមហ៊ុន Super City បាននិយាយថា «ប្រជាជនចិន និងមនុស្សគ្រប់គ្នា និយមទៅដើរកំសាន្តនៅបរទេស។ នៅពេលពួកគេសាកប្រើអ្វីមួយហើយ ពួកគេតែងតែចង់សាកប្រើវា នៅមាតុភូមិរបស់គេហើយ។ ដូច្នេះដោយរដ្ឋាភិបាលចិន កំពុងបន្ទាបពន្ធនាំចូល វាពិតជាផ្តល់ឱកាសកាន់តែច្រើន សម្រាប់ឱ្យពួកយើងផ្តល់ជូនអតិថិជន នូវផលិតផលដែលកាន់តែល្អៗ»។
ការកាត់បន្ថយពន្ធនាំចូលលើកនេះ គឺគ្រាន់តែជាផ្នែកមួយ នៃការកាត់បន្ថយពន្ធនាំបីបួនទៀត ដែលរដ្ឋាភិបាលចិនបានអនុវត្ត កាលពីពីរបីឆ្នាំកន្លងទៅនេះ។
កាលពីខែធ្នូឆ្នាំមុន រដ្ឋាភិបាលបានកាត់បន្ថយពន្ធនាំចូលលើទំនិញចំនួន១៨៧ប្រភេទ រួមមានម្ហូបអាហារ ថ្នាំប៉ូវសុខភាព ឱសថ សម្លៀកបំពាក់ និងផលិតផលកម្សាន្តផ្សេងៗ។
ក្រុមអ្នកជំនាញយល់ស្របថា សេចក្តីព្យាយាមទាំងអស់នេះ មានគោលបំណងចង់ជំរុញដល់ការចាយវាយ របស់ប្រជាជនក្នុងប្រទេសចិន ដោយផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ឱ្យពួកគាត់ទិញទំនិញ។
អ្នកស្រី កាវ លីឈុន តំណាងក្រុមហ៊ុន Deloitte របស់ប្រទេសចិន បាននិយាយថា «ដោយសារសេដ្ឋកិច្ចចិនកំពុងរីកចម្រើន អំណាចនៃការទិញទំនិញរបស់ប្រជាជន បានរីកកាន់តែធំ។ បើយោងតាមព័ត៌មានសាធារណៈ ប្រជាជននៅចិនបានចាយប្រាក់ប្រហែល ២សែនលានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ទៅលើទំនិញនៅក្រៅប្រទេស។ ភាគច្រើន គឺគេចាយលើផលិតផលដែលប្រើប្រាស់ប្រចាំថ្ងៃ។ ដូច្នេះ រដ្ឋាភិបាលបានប្រកាស អំពីការកាត់បន្ថយពន្ធនេះជាច្រើនដងមកហើយ តាំងពីឆ្នាំ ២០១៥មកម្ល៉េះ ក្នុងន័យចង់ទាក់ទាញពួកគាត់ឱ្យចាយប្រាក់ លើទំនិញទាំងនោះនៅប្រទេសចិនវិញ។ ការកាត់បន្ថយពន្ធនាំចូលនេះ ក៏ជាសេចក្តីព្យាយាមមួយ ដើម្បីជំរុញឲ្យមានការប្រើប្រាស់ ក្នុងស្រុកនិងការផ្លាស់ប្តូរផ្នែកឧស្សាហកម្មផងដែរ»។
កាលពីឆ្នាំមុនការចាយវាយរបស់ប្រជាជននៅចិន រួមចំណែកជិត៥៩ភាគរយ ក្នុងផលិតផលក្នុងស្រុកសរុបរបស់ចិន។ ក្រោយពីបន្ថយពន្ធនាំចូលលើកនេះទៀត ក្រុមអ្នកវិភាគរំពឹងថាវិស័យប្រើប្រាស់របស់ចិន នឹងរីកចម្រើនកាន់តែខ្លាំង៕ (សារព័ត៌មាន CCTV របស់ចិន)